ព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាន រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែសីហា លើកទិសដៅបន្ត និងផ្សព្វផ្សាយផែនការស្តីពីវិធានការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមក្នុងពិធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យ អធិការនគរបាល ក្រុង/ស្រុកទាំង០៨ នាយផ្នែក សរុបចំនួន១០៦នាក់។
ក្នុងឱកាសនោះដែរលោកឧត្តសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានណែនាំដល់កម្លាំងទាំងអស់ក្នុងគោលបំណងធានាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ តាមប្រពៃណីទំនៀមទម្លាប់ ដ៏រុងរឿង របស់ជាតិ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។
លោកស្នងការនគរបាលខេត្ត បានក្រើនរំលឹកដល់លោក លោកស្រី ស្នងការរង ការិយាល័យជំនាញ អធិការ នគរបាល ក្រុង/ស្រុកទាំង០៨ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ប៉ុស្តិ៍ ត្រូវប្រមូលផ្តុំកម្លាំងប្រចាំបញ្ជា កម្លាំងត្រៀមអន្តរាគមន៍ នៅតាមអង្គភាពនីមួយៗ ដើម្បីឆ្លើយតបដល់ការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះដែរ ក៏ត្រូវបង្កើនវិធានការល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ ទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង០៩ចំណុច អោយបានផុសផុល ដើម្បីកាត់បន្ថយបទល្មើសនៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ អោយមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនានា និងត្រូវរៀបចំកម្លាំង និងមធ្យោបាយ ត្រៀមអន្តរាគម ជួយសង្គ្រោះប្រជាពលរដ្អបានទាន់ពេលវេលា នៅពេលជួបឧប្បត្តិហេតុគ្រោះថ្នាក់ដូចជា អគ្គិភ័យ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះថ្នាក់ផ្សេងៗ ត្រូវបន្តយកចិត្តទុកដាក់រឹតបន្តឹងត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវជាតិ ទីប្រជុំជន ច្រកចេញចូលរាជធានី/ខេត្ត ឲ្យបានល្អ ធានាកាត់បន្ថយបាននូវការកកស្ទះ និងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ៕
មតិយោបល់