កំពង់ស្ពឺ ៖ ព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយរងផែន លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ ក្រុង ស្រុក ទាំង៨ លោកអធិការរង សន្ដិសុខ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ១០៥នាក់ ។
លោកឧត្តមសេនីយ៍ត្រី អៀង អុល ស្នងការរង ធនធានមនុស្ស បានអានប្រកាសដាក់អោយមន្ត្រីចូលនិវត្តន៍ចំនួន ៦២នាក់ (នាយការិយាល័យ អធិការរងក្រុង ស្រុក នាយប៉ុស្ដិ៍ និងមន្ត្រីមួយចំនួនផងដែរ) បន្ទាប់មកលោកវរសេនីយ៍ឯក លឹម ស៊ី នាយការិយាល័យសរុបរដ្ឋបាល បានអានរបាយការណ៍ប្រចាំខែកញ្ញា ជូនសមាជិកអង្គប្រជុំស្ដាប់និងចូលរួមយោបល់ ។
លោកស្នងការមានប្រសាសន៍កិច្ចប្រជុំថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ផ្តោតលើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម សំខាន់គឺការពង្រឹងសមត្ថភាព គុណភាពរបស់កងកម្លាំងនគរបាលទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការធានាសន្តិសុខសង្គម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិសេសការពារសន្តិភាព និងស្ថិរភាពនយោបាយ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែក្រាលគ្របដោយសន្តិភាព មានសេរីភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ។
លោកស្នងការបន្តឲ្យដឹងថា ក៏ប៉ុន្តែសភាពការណ៍ថ្មីៗនេះ មានចលនាឧទ្ទាមមានចេតនារៀបចំផែនការប៉ុនប៉ងបង្កអសន្តិសុខផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។ លោកឧត្ដមសេនីយ៍ទោស្នងការជាទិសដៅឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់លើការងារចំនួនពីរ ៖ទី១-ពង្រឹងសុវត្ថិភាពក្នុងការការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងទី២-ការពង្រឹងសន្តិសុខជារួមដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្ត ឬពួកឧទ្ទាមណាមកបំផ្លិចបំផ្លាញសុវត្ថិភាព សន្តិសុខ និងសន្តិភាព ផលប្រយោជន៍របស់ជាតិដែលកំពុងមានសព្វថ្ងៃនេះឡើយ ៕
មតិយោបល់