ចាប់តាំងពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧កន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ីនិងកូរ៉េខាងជើង បានធ្លាក់ចុះដុនដាបខ្លាំងបំផុតមិនធ្លាប់មាន ក្រោយពីមានអំពើភេរវកម្មលើ លោក គីម ជុងណាំ នៅម៉ាឡេស៊ី ។
ភាពតានតឹងខ្លាំងបានកើតឡើងដោយសារតែកូរ៉េខាងជើង បានចោទប្រកាន់ម៉ាឡេស៊ី ថា ប្រទេសនេះបានរួមសហការជាមូយប្រទេសកូរ៉េខាងត្បូង ដោយលើកយកសហេតុផលផ្សេ ងៗបង្ហាញអន្តរជាតិ ក្នុងគោលដៅបង្ខូចកេរឈ្មោះកូរ៉េខាងជើង ។
មន្ត្រីការបរទេសកូរ៉េខាងជើង បានអោយដឹងថា អំពើឃាតកម្មលើលោក គីម ជុងណាំ ដែលជាបងប្រុសបង្កើតម្តាយទីទៃរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺ ជាឈុតឆាកដែលរៀបចំឡើងដោយម៉ាឡេស៊ីនិងកូរ៉េខាងត្បូង ក្នុងគោលដៅទំលាក់កំហុសនិងសំអុយឈ្មោះកូរ៉េខាងជើង ។
ជាការឆ្លើយតបវិញ លោករដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីបានប្រកាសឲ្យដឹងថា ម៉ាឡេស៊ីនឹងធ្វើការបណ្តេញឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងប្រចាំនៅក្រុងកូឡាឡំពួរចេញពីម៉ាឡេស៊ី។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរបានឈានទៅដល់ការចោទប្រកាន់គ្នាទៅវិញទៅមក នៅក្រោយការធ្វើឃាតលើរូបលោក គីម ជុងណាំ បងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន ដែលបានកើតឡើងនៅព្រលានយន្តហោះកូឡាឡំពួរ។
“ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីត្រូវបានប្រកាសថាពុំមានឋានន្តរសក្តិអ្វីទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ី”។នេះគឺជាសម្តីប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីកាលពីល្ងាចថ្ងៃសៅរ៍ទី៤ខែមីនាឆ្នាំ២០១៧នេះ ។ លោករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានបន្តថា ម៉ាឡេស៊ីនឹងបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងឲ្យចាកចេញពីម៉ាឡេស៊ីព្រោះម៉ាឡេស៊ី បានស្នើសុំឲ្យកូរ៉េខាងជើងធ្វើការសុំទោសជាផ្លូវការចំពោះពាក្យចោទប្រកាន់របស់ខ្លួនមកលើម៉ាឡេស៊ី តែកូរ៉េខាងជើងមិនបានធ្វើ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាការសម្រេចចិត្តបណ្តេញទូតកូរ៉េខាងជើង គឺរដ្ឋាភិបាលម៉ាឡេស៊ីមានបំណងអះអាងថា ម៉ាឡេស៊ី ជាប្រទេសស្អាតស្អំ ហើយម៉ាឡេស៊ីមិនចង់ឲ្យប្រទេសខ្លួន ត្រូវបានកូរ៉េខាងជើងយកជាទីកន្លែងដើម្បីប្រព្រឹត្តិអំពើឧក្រិដ្ឋខុសច្បាប់នោះទេ។
សូមរំលឹកជូនបន្តិចថា លោក គីម ជុងណាំ បងប្រុសឪពុកតែមួយម្តាយទីទៃជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនត្រូវបានគេធ្វើឃាតនៅក្នុងព្រលានយន្តហោះក្រុងកូឡាឡំពួរកាលពីថ្ងៃទី ១៣ កុម្ភៈឆ្នាំដដែលនេះ ។
សមត្ថកិច្ចម៉ាឡេស៊ីបានសន្និដ្ឋានយ៉ាងច្បាស់ថា លោក គីម ជុងណាំត្រូវបានស្ត្រីពីរនាក់សម្លាប់ដោយប្រើប្រាស់សារធាតុពុលម្យ៉ាងដ៏សាហាវបំផុតដែលត្រូវគេចាត់ទុកថាជាអាវុធសម្លាប់រង្គាល។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងជើង បានច្រានចោលការសន្និដ្ឋានរបស់សមត្ថកិច្ចម៉ាឡេស៊ីទាំងស្រុង។ក្រុងព្យុងយ៉ាងបានអះអាងថា លោក គីម ជុងណាំបានស្លាប់ដោយគាំងបេះដូង តែម៉ាឡេស៊ី បានឃុបឃិតជាមួយប្រទេសពួកខ្មាំងផ្សេងទៀត ទំលាក់កំហុស មកលើរដ្ឋាភិបាលកូរ៉េខាងជើង។
លោកមេបញ្ជាការនគរបាលស៊ើបអង្កេតរបស់ម៉ាឡេស៊ី បានឆ្លើយតបទៅវិញថាទោះកូរ៉េខាងជើងចង់និយាយថាយ៉ាងម៉េចក៏បានតែការពិតនៅតែជាការពិត។ លោក គីម ជុងណាំ ត្រូវបានស្ត្រីពីរនាក់សម្លាប់ដោយសារធាតុពុល ហើយរូបភាពវីដេអូព្រមទាំងកោសល្យវិច្ច័យរបស់អ្នកជំនាញ ប្រកបដោយសមត្ថភាពអាចអះអាងបានគ្រប់គ្រាន់។
សូមបញ្ជាក់ថា ក្រោយឃាតកម្មនេះ ម៉ាឡេស៊ី និងកូរ៉េខាងជើងបានឈ្លោះប្រកែកគ្នា តាមផ្លូវការទូត យ៉ាងចំហរ។ កន្លងមក ម៉ាឡេស៊ីគឺជាប្រទេសមួយដ៏កម្រដែលបានរក្សាទំនាក់ទំនងល្អស្និទស្នាលនឹងកូរ៉េខាងជើងដោយបានចុះកិច្ចព្រមព្រៀងទ្វេរភាគី ជាមួយកូរ៉េខាងជើងអនុញ្ញាតិឲ្យប្រជាជនទាំងសងខាង អាចធ្វើដំណើរចេញចូលដោយមិនចាំបាច់មានទិដ្ឋាការ។ ប៉ុន្តែក្រោយហេតុការណ៍ឃាតកម្មនេះម៉ាឡេស៊ី បានប្រកាសលប់ចោលកិច្ចព្រមព្រាងនេះ ចាប់ពីថ្ងៃចន្ទទី៦ខែមីនាឆ្នា២០១៧នេះតទៅ ៕
មតិយោបល់