SEOUL: នៅថ្ងៃអង្គារ៍ទី៧ខែមីនានេះ បណ្ដាញផ្សព្វផ្សាយរដ្ឋរបស់ទីក្រុង Pyongyang បាននិយាយថា ការបាញ់គ្រាប់មីស៊ីលចំនួន៤គ្រាប់របស់ប្រទេសអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កាលពីថ្ងៃច័ន្ទនេះ គឺជាសមយុទ្ធហ្វឹកហាត់សម្រាប់វាយប្រហារលើមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានត្រួតពិនិត្យដោយមេដឹកនាំ Kim Jong-un ។ តាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ទីក្រុង Pyongyang ត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់ រាល់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប ហើយអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Nikki Haley បាននិយាយតាមបណ្ដាញ Twitter ថា ពិភពលោក នឹងមិនអនុញ្ញាតឲ្យ កូរ៉េខាងជើងបន្តដំណើរលើមាគ៌ាឆ្ពោះទៅរកការបំផ្លិតបំផ្លាញនេះទៀតឡើយ ។ បណ្ដាញ KCNA បាននិយាយថា អង្គភាពយោធា ដែលជាប់ពាក់ព័ន្ធនឹងកិច្ចការនេះ ត្រូវបានប្រគល់ភារកិច្ចឲ្យវាយប្រហារលើមូលដ្ឋាននានានៃកងកម្លាំងចក្រពត្តិនិយមអាមេរិក ក្នុងប្រទេសជប៉ុន ។ បណ្ដាញ KCNA បានរាយការណ៍ថា Kim Jong-un បានបញ្ជាកងកម្លាំងយោធារបស់ខ្លួន ឲ្យរក្សាការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ ខណៈពេលមានស្ថានភាពអាក្រក់ ដែលអាចបង្កជាសង្គ្រាមបានគ្រប់ពេលវេលាទាំងអស់ ហើយនឹងត្រៀមជាស្រេចដើម្បីបំផ្លាញសត្រូវ នៅពេលមានបញ្ជា ។
មតិយោបល់