ពោធិ៍សាត់ៈ បុរសពីរនាក់ជិះម៉ូតូឌុបគ្នា មិនប្រយ័ត្នបុកអ្នកធ្វើដំណើរដោយថ្មើរជើងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំងសងខាង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅចំណុចភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៩និ១៥នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកយ៉ាមាហា អ៊ិចសង់ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរតាម បណ្តោយ ផ្លូវក្រាលកាស៊ូ នៅចំណុចខាងលើ ខណៈមកដល់ចំណុចកើតហេតុ បានបុក មនុស្សកំពុងដើរលើផ្លូវ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យទាំងអ្នកជិះម៉ូតូ និងអ្នកថ្មើរជើង របួសធ្ងន់ស្រាលទាំងអស់គ្នា ឃើញហេតុដូចនេះ ប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ធ្វើការចុះត្រួតពិនិត្យកន្លែងកើតហេតុ និងជួយសង្គ្រោះជនរងគ្រោះ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ត្រី ហែម មុនី អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ ទី១ឈ្មោះ ហែ ពិន ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូរងរបួសស្រាល ទី២ឈ្មោះ ហែ និត ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិព្រៃតោ ឃុំតាលោ និងទី៣ឈ្មោះ ឡាយ អូន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំតាលោ ជាអ្នកថ្មើរជើង រងរបួសធ្ងន់ បាក់ជើងខាងឆ្វេង និងបែកក្បាល ក្រោយពេលកើតហេតុជនរងគ្រោះទាំងបីត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបាកាន ។ លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺបង្កមកពីកត្តាប្រើប្រាស់ល្បឿន និងចាំងភ្លើង មើលមិនឃើញ ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះកើតឡើង ។
ចំពោះវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីកសាងតាមនីតិវិធី ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់