ក្នុងរយៈពេលប៉ុន្មានសប្តាហ៏កន្លងមកនេះភាពតានតឹងសំខាន់ពីរយ៉ាង បានកើតឡើងនៅក្នុងឧបទ្វីបកូរ៉េ ក្នុងនោះមានការបាញ់សាកល្បងគ្រាប់មីស៊ីលចំនួន៤គ្រាប់របស់ប្រទេសកូរ៉េខាងជើង និងការដំឡើងប្រព័នការពារគ្រាប់មីស៊ីល ថាអាត់ (THAAD)របស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ។
ទាំងពីរនេះ គឺជាបញ្ហាដ៏ចម្រូវចម្រាស់រវាងប្រទេសពាក់ព័ន្ធក្នុងរឿងទាំងពីរនេះនិងប្រ ទេសចិនដែលជាប្រទេសនៅក្នុងតំបន់និងមានទីតាំងនៅក្បែរប្រទេសចិន ដែលជាប្រទេស មហាអំណាចមួយដែរ ។
ផ្ទុយទៅវិញ ប្រទេសចិនបែរជាធ្វើព្រងើយដោយមិនសូវអើពើនឹងបញ្ហាទាំងពីរនេះទៅ វិញ ដោយមានប្រតិកម្មតិចតួចបំផុតចំពោះបញ្ហាទាំងពីរនេះ ។ភាពព្រងើយកន្តើយរបស់ចិននេះហើយ ដែលធ្វើអោយពិភពលោកងឿងឆ្ងល់យ៉ាងខ្លាំង ជាពិសេសគឺក្រុមអ្នកតាមដានព្រឹត្តការណ៏ពិភពលោក ។
កាលពីថ្ងៃពុធទី០៨ខែមីនាឆ្នាំ២០១៧នេះ លោករដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវអោយកូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែរនិងការបាញ់គ្រាប់មីស៊ីល ហើយទន្ទឹមគ្ននេះលោក វ៉ាង យី ក៏បានស្នើឱ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់នូវសមយុទ្ធយោធារបស់ខ្លួន នៅលើទឹកដីកូរ៉េខាងត្បូង ។
ម្ខាងត្រូវផ្អាកកម្មវិធីនុយក្លេអ៊ែរនិងការបាញ់មីស៊ីលម្ខាងទៀតត្រូវបញ្ឈប់សមយុទ្ធយោធា ព្រោះមានតែការដោះដូរគ្នាបែបនេះទេទើបអាចនាំគ្រប់ភាគីឱ្យចូលតុចរចាបាន។នេះជាការពន្យល់របស់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ក្នុងអត្ថន័យបន្ធូរបន្ថយភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ប៉ុន្តែសំណើរបស់ចិន ទំនងជាមិនបានភាគីបក្សដិបក្សទាំងពីរធ្វើឮទេ។កាលពីខែមករាឆ្នាំ២០១៥កន្លងទៅ កូរ៉េខាងជើងធ្លាប់បានទាមទារឱ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពធ្វើសមយុទ្ធជាថ្នូរនឹងការផ្អាកកម្មវិធីនុយក្លេអ៊ែរតែសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបដិសេធចោល ។
សូមបញ្ជាក់ជូនថាភាពតានតឹងក្នុងឧបទ្វីបបានឡើងសម្ពាធខ្លាំងក្រោយពីកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចំនួន៤គ្រាប់ក្នុងនោះមាន៣គ្រាប់បានធ្លាក់ក្នុងដែនទឹកជប៉ុនកាលពីថ្ងៃចន្ទទី៦ខែមីនាដើមសប្តាហ៏នេះ ។ ជាចម្លើយតបវិញសហរដ្ឋអាមេរិកបានសម្រេចដំឡើងនិងដាក់ពង្រាយខែលការពារគ្រាប់មីស៊ីលប្រឆាំងមីស៊ីល ថាអាត់ (Thaad) របស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
សម្រាប់ប្រទេសចិនបានចាត់ទុកថាការដំឡើងនិងដាក់ពង្រាយខែលការពារគ្រាប់មីស៊ីលប្រឆាំងមីស៊ីល ថាអាត់ (Thaad) របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងនេះ គឺជាតំណាងនៃការគំរាមកំហែងសន្តិសុខជាតិចិននិងតំបន់។
ចំណែកអង្គការសហប្រជាជាតិ បានប្រកាសថ្កោលទោសកូរ៉េខាងជើងភ្លាមៗចំពោះទង្វើរំលោភបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងបានកោះប្រជុំគ្នាជាបន្ទាន់ តាមសំណើរបស់កូរ៉េខាងត្បូង អាមេរិកនិងជប៉ុន។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក បានអោយដឹងថា ប្រឈមមុខនឹងស្ថានភាពបែបនេះ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាមេរិក លោក Rex Tillerson ក៏នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង ជប៉ុន និងចិន។ដំណើរទស្សនកិច្ច នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ខែមីនានេះ ដើម្បីជជែកគ្នាជាមួយនឹងប្រទេសទាំងនោះក្រោយពីសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលនៅក្នុងទឹកដីកូរ៉េខាងត្បូង។
សូមរំលឹកជូនថា កាលពីថ្ងៃអង្គារទី០៧ខែមីនាដើមសប្តាហនេះ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានសម្រេចដំឡើងប្រព័ន្ធការពារគ្រាប់មីស៊ីលថាអាត់ (Thaad) របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ។
យានយន្តផ្ទុកខែលមីស៊ីលពីរគ្រឿងបានចុះចតលើទឹកដីកូរ៉េខាងត្បូងក្រោមក្រសែភ្នែកនិងប្រតិកម្មក្តៅក្រហាយបំផុតរបស់ទីក្រុងប៉េកាំង។ចិនបានប្រកាសប្តេជ្ញាការពារសន្តិសុខជាតិយ៉ាងដាច់ខាត។
ប៉ុន្មានម៉ោងក្រោយការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងសហរដ្ឋអាមេរិកបានចាប់ពង្រាយខែលមីស៊ីលប្រឆាំងមីស៊ីលThaad នៅលើទឹកដីកូរ៉េខាងត្បូង។ទង្វើបង្កហេតុម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងអាចបញ្ជាក់បានថាអាមេរិកបានសម្រេចចិត្តត្រូវក្នុងការដាក់ពង្រាយខែលមីស៊ីលនៅកូរ៉េខាងត្បូង។សកម្មភាពនេះគ្រាន់តែជាការពន្លឿនគម្រោងដែលអាមេរិកនិងកូរ៉េខាងត្បូងបានព្រមព្រៀងនឹងរួចជាច្រើនទៅហើយកាលពីឆ្នាំទៅប៉ុណ្ណោះ។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលជាថ្មីទៀតនៅថ្ងៃចន្ទទី៦មីនា។ សម្រាប់កូរ៉េខាងជើង ការសាកល្បងមីស៊ីលនេះគឺធ្វើឡើងដើម្បីប្រឆាំងនឹងសមយុទ្ធទ្វេភាគីរវាងកូរ៉េខាងត្បូងនិងអាមេរិក ដែលចាប់ផ្តើមតាំងពីថ្ងៃពុធសប្តាហ៍មុន។ នៅថ្ងៃនេះព្យុងយ៉ាងបានស្រែកឡូងៗទៀត ថាការសាកល្បងម្សិលមិញជាការធ្វើលំហាត់សមត្រៀមវាយប្រហារមូលដ្ឋានអាមេរិកនៅលើទឹកដីជប៉ុនផង។
ថ្វីបើជាទូទៅ អ្នកឯកទេសគ្រប់រូបសុទ្ធតែយល់ថាកូរ៉េខាងជើងបានធ្វើការអភិវឌ្ឍន៍ច្រើនក្នុងវិស័យនុយក្លេអ៊ែរ។មីស៊ីលបួនគ្រាប់ដែលព្យុងយ៉ាងបានបាញ់សាកល្បងនៅព្រឹកថ្ងៃចន្ទសំដៅជប៉ុន មិនមែនជាមីស៊ីលប្រភេទថ្មីទេហើយទំនងជាមិនមែនមីស៊ីលប៉ាលីស្ទីកអន្តរទ្វីបដែរនិងមានតែមួយគ្រាប់ទេដែលបានសម្រេចទៅធ្លាក់នៅក្នុងសមុទ្ទជប៉ុន។អាចជាមីស៊ីលរយៈខ្លី (៥០០-៧០០គីឡូម៉ែត្រ) និងមធ្យម (១៣០០ទៅ ១៥០០គ.ម.)ច្រើនជាង តែខ្លីឬមធ្យមគឺសមល្មមនឹងវាយដល់ជប៉ុន។
ចំណែកប្រទេសចិន នៅតែបន្តប្រឆាំងដាច់ខាតចំពោះការដំឡើងនិងដាក់ពង្រាយខែលការពារគ្រាប់មីស៊ីលប្រឆាំងមីស៊ីល ថាអាត់ (Thaad) របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ទោះបីជាការដំឡើងកំពុងប្រព្រឹត្តទៅក៏ដោយ ។
ខែលមីស៊ីលប្រឆាំងនឹងមីស៊ីលThaadនេះជាប្រព័ន្ធខែលសម្រាប់ចាប់និងបំផ្លាញមីស៊ីលប៉ាលីស្ទិកដែលត្រូវដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាត្បូង។កម្មវត្ថុជាផ្លូវការ គឺដើម្បីបង្កើនសុវត្ថិភាពឱ្យកូរ៉េខាងត្បូងបន្ថែមពីខែលមីស៊ីលដែលមានស្រាប់និងសម្រាប់តាមដានទប់ទល់នឹងមីស៊ីសព្រមទាំងការគំរាមនុយក្លេអ៊ែររបស់កូរ៉េខាងជើងតែមួយទេ។ខែលមីស៊ីលនេះអាចការពារប្រទេសកូរ៉េខាងត្បូងបានពីរភាគបី។ប៉ុន្តែសូម្បីតែពលរដ្ឋកូរ៉េខាងត្បូងមួយភាគធំក៏មិនពេញចិត្តដែរដោយយល់ថាអាចមានគ្រោះថា្នក់ចំពោះសុខភាព។
ចំណែកចិនប្រឆាំងដាច់ខាតនឹងគម្រោងដាក់ខែលមីស៊ីលនេះព្រោះចិនយល់ថាការដាក់ពង្រាយខែលមីស៊ីលបានត្រឹមតែបំប៉ោងភាពតានតឹងខាងយោធា និងស្ថានភាពទូទៅក្នុងឧបទ្វីបកូរ៉េតែប៉ុណ្ណោះ។ ម្យ៉ាងទៀតចិនខឹងសម្បារខ្លាំងក៏ព្រោះទីក្រុងប៉េកាំងព្រួយបារម្ភថាសន្តិសុខជាតិត្រូវរងការគំរាមកំហែង ដោយរ៉ាដារបស់ប្រព័ន្ធខែលមីស៊ីលនេះអាចគ្របដណ្តប់ដល់ទឹកដីចិនមួយភាគធំ។មានន័យថាប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលរបស់ចិនខ្លួនឯងនឹងត្រូវកាត់បន្ថយប្រសិទ្ធភាព។
តាំងពីប៉ុន្មានខែមកហើយទីក្រុងប៉េកាំងបានចាប់ផ្តើមចាត់វិធានាការប្រឆាំងការដាក់ពង្រាយខែលមីស៊ីលដែលកូរ៉េខាងត្បូងយល់ថាជាទណ្ឌកម្មសេដ្ឋកិច្ច។ ហាងទំនិញធំៗរបស់កូរ៉េខាងត្បូងនៅចិនដែលជាម្ចាស់កម្មសិទ្ធិដីដាក់ខែលមីស៊ីលត្រូវបានអាជ្ញាធរបង្ខំឱ្យបិទទ្វារមួយហើយមួយទៀតជាបន្តបន្ទាប់។ នៅថ្ងៃនេះរដ្ឋមន្ត្រីការបរទេសចិនបានប្រកាសប្តេជ្ញាការពារសន្តិសុខជាតិ និងព្រមានជាថ្មីថាកូរ៉េខាងត្បូងនិងអាមេរិកជល់ក្បាលគ្នាដើរផ្លូវខុសដោយត្រូវទទួលខុសត្រូវចំពោះផលវិបាកដ៏ធ្ងន់ធ្ងរថ្ងៃក្រោយ។សេអ៊ូលក៏កំពុងត្រៀមជាស្រេចនឹងប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកក្នុងករណីដែលចិនផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាផ្លូវការមែន។
ក្រៅអំពីចិនរុស្ស៊ីក៏បានបញ្ចេញប្រតិកម្មថ្កោលទោសដូចគ្នាតាមរយៈប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសថាការដាក់ខែលមីស៊ីលកំពុងនាំឧបទ្វីបកូរ៉េឱ្យធ្លាក់ក្នុងភាពទ័លច្រក។ ចិននិងរុស្ស៊ីពិតជាមិនត្រូវការឃើញអាមេរិកពង្រីកសាច់ដុំនៅកៀកខ្លួនឡើយ។
នៅពេលនេះឧបទ្វីបកូរ៉េកំពុងស្ថិតក្នុងភាពតានតឹងខ្លាំងណាស់ !ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំបន្ទាន់។ ឯលោកដូណាល់ ត្រាំ ដែលកាលពីនៅជាបេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំបានប្រកាសយ៉ាងក្តែងៗថាចង់ទៅនិយាយជាមួយគីមជុងអ៊ុនដើម្បីដោះស្រាយវិបត្តនុយក្លេអ៊ែរ ប្រសិនបើចាំបាច់ បានទទួលស្គាល់ថាកូរ៉េខាងជើង ជាបញ្ហាដ៏ធំ ! ប៉ុន្តែនៅចំពោះមុខ គីមជុងអ៊ុនប្រមុខដឹកនាំរបស់ព្យុងយ៉ាង ដែលកំពុងជ្រលរចិត្តលោកត្រាំតាមរយៈការសាកល្បងមីស៊ីលឥតឈប់យ៉ាងដូច្នេះ លោក ត្រាំពិតជាមិនដឹងចាប់ផ្តើមតាមច្រកណាឡើយ។
នៅពេលកូរ៉េខាងជើងបានបាញ់សាកល្បងនុយក្លេអ៊ែរកាលពីខែកុម្ភៈ លោកដូណាល់ ត្រាំ បានសន្យាថានឹងតបវិញខ្លាំងៗ ! ប៉ុន្តែបញ្ហានៅត្រង់ថា រដ្ឋបាលថ្មីថ្មោងរបស់លោកមានរឿងសំខាន់ៗច្រើនត្រូវដោះស្រាយនៅក្នុងផ្ទៃប្រទេស។មិនដឹងថាតើលោកត្រាំ អាចធ្វើអ្វីបានខ្លះទេ!រហូតមកទល់ពេលនេះគេនៅមិនទាន់បានដឹងអំពីផែនការលម្អិតរបស់អាមេរិកថ្មីចំពោះកូរ៉េខាងជើងឡើយផង។
លោកដូណាល់ ត្រាំ បានត្រឹមទូរស័ព្ទទៅប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុនស្ហ៊ីនហ្សូ អាបេ ដើម្បីធានាអះអាងអំពីការគាំទ្រអាមេរិកចំពោះទាំងពីរនិងពន្លឿនការដាក់ពង្រាយខែលមីស៊ីលប្រឆាំងមីស៊ីលឱ្យបានចប់សព្វគ្រប់នៅរវាងពីរខែទៀត៕
មតិយោបល់