បាត់ដំបង ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយមូលហេតុជិះម៉ូតូលឿនទំនងស្រវឹងហើយបានជ្រុលទៅបុក គូទរថយន្តដឹកជ្រូក១គ្រឿង ដែលខូចចតស្ងៀម។ ចំណែកអ្នកបើកបររថយន្តឃើញសភាពដូចនេះក៏រត់បាត់ស្រមោលទុករថយន្ត ចោលនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងនៅវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចចន្លោះគីឡូម៉ែត២៦៤ -២៦៥ ស្ថិតនៅក្រុមទី១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការដ្ឋាននគរបាល ស្រុកមោងឫស្សីបានអោយដឹងថា មុនពេលកើតហេតុគឺមានរថយន្តដឹក ជ្រូក១គ្រឿង ម៉ាកHYUNDIA ពណ៍ស ពាក់ផ្លាកលេខ កំពង់ចាម3A-7093 សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខកំពង់ចាម4A-0077 អ្នកបើកបរមិនស្គាល់ឣត្តសញ្ញាណបានគេចខ្លួនក្រោយកើតហេតុ។ រថយន្តនេះបានធ្វើដំណើរមកពីទិសលិចទៅកើតក្នុងគោលបំណងទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុរថយន្តនេះក៏ខូចរួចបានឈប់អែបស្ដាំ ហើយបើកភ្លើងស៊ីញ៉ូទាំងសងខាងនិងមានដាក់សាជីនៅពីក្រោយរថយន្តមានចម្ងាយ១៨ម៉ែត្រ។
លោកអធិការបន្តថា លុះដល់វេលាម៉ោង២១និង៤០នាទីក៏មានម៉ូតូ១គ្រឿង ហុងដាឃ្លិច ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AG-3978 បើកបរដោយឈ្មោះ វឿន ស៉ីណាន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយរថយន្តបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
លោកអធិការថា ករណីនេះសមត្ថកិច្ចជំនាញក៏បានចុះធ្វើការវាស់វែងនិងត្រួតពិនិត្យនៅកន្លែងកើតហេតុ រួចយករថយន្តបង្ក និងម៉ូតូរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយតាមនីតិវិធី៕ កែសម្រួលដោយ៖ អនុសេនីយ៍ឯក ឌិន សុខស៊ីថា
មតិយោបល់