គ្រប់យ៉ាងសម្រាប់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនហេ ត្រូវបានបញ្ចប់ហើយ ក្រោយពីតុលាការធម្មនុញ្ញរបស់ប្រទេសនេះ បានសម្រេចចោទប្រកាន់ប្រធានាធិបតីរូប នេះ ស្របទៅតាមការបោះឆ្នោតរបស់រដ្ឋសភា ។
លោកស្រី ប៉ាក គុនហេ បានទទួលរងនូវការចោទប្រកាន់ថា លោកស្រីបានជាប់ពាក់ព័ន្ធនឹងការឃុបឃឹតគ្នាជាមួយមិត្តជិតស្និទ្ធរបស់លោកស្រី ឈ្មោះ លោកស្រី ចយ ស៊ុនស៊ីល ក្នុងការយកអំណាចជាប្រធានាធិបតីទៅកៀបសង្កត់ក្រុមហ៊ុនមួយចំនួនយកលុយយ៉ាងច្រើន សម្បើមទៅដាក់ហោប៉ៅរបស់ខ្លួន ។
លោកស្រី ប៉ាក់ គុនហេត្រូវបានតុលាការរដ្ឋធម្មនុញ្ញសម្រេចទម្លាក់ចេញពីតំណែងប្រធានាធិបតីកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍មុន និងបានចាកចេញពីវិមានប្រធានាធិបតីហើយ កាលពីយប់ថ្ងៃអាទិត្យទី១២ខែមីនានេះ ។នៅមុខគេហដ្ឋានរបស់លោកស្រីនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល លោកស្រីប៉ាក់គុនហេ បានថ្លែងជាលើកទី១ថា លោកស្រីនឹងសង្ឃឹមថា ការពិតនឹងលេចចេញនៅថ្ងៃណាមួយ។
លោកស្រីប៉ាក់ គុនហេបានចាកចេញពីវិមានប្រធានាធិបតីកាលពីយប់ថ្ងៃអាទិត្យនៅក្រោមកិច្ចការពារដ៏សស្រាក់សស្រាំពីកងកម្លាំងនគរបាលកូរ៉េខាងត្បូង។ទៅដល់គេហដ្ឋានឯកជនរបស់លោកស្រី ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូលអតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដែលប្រមូលផ្តុំរួចជាស្រេច ដើម្បីទទួលលោកស្រី។ ដំបូងលោកស្រីបានលំអោនសុំទោសអ្នកគាំទ្រដែលលោកស្រីមិនអាចបន្តការងាររហូតដល់ចប់អាណត្តិ។ បន្ទាប់មកទៀត លោកស្រីបានបញ្ជាក់ថាការពិតនឹងឈ្នះនៅថ្ងៃណាមួយ បើទោះបីជាវាត្រូវការពេលវេលាយូរក៏ដោយ។
កាលពីថ្ងៃសុក្រទី០៩ខែមីនាដដែលនេះ ចៅក្រមចំនួន៨នាក់របស់តុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ រក្សាការសម្រេចរបស់សភាកូរ៉េខាងត្បូង ដែលកាលពីខែធ្នូ បានបោះឆ្នោតទម្លាក់លោកស្រី ប៉ាក់ គុនហេពីតំណែងប្រធានាធិបតី។
ក្នុងសេចក្តីសម្រេចរបស់ចៅក្រមលោកស្រីប៉ាក់គុនហេត្រូវបានគេរកឃើញថាបានរំលោភច្បាប់និងរំលោភសេចក្តីទុកចិត្តរបស់ប្រជាជនដោយបានបណ្តោយឲ្យមិត្តភក្តិរបស់លោកស្រី គឺ លោកស្រី ចយ ស៊ុនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋាភិបាលនិងបានប្រើអំណាចប្រធានាធិបតីដើម្បីយកទៅគាបយកលុយពីក្រុមហ៊ុនឯកជន។
កាលពីយប់ថ្ងៃអាទិត្យ ប៉ូលិសកូរ៉េខាងត្បូងជាង៨០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីជៀសវាងកុំឲ្យមានការប៉ះទង្គិចគ្នាជាថ្មីរវាងក្រុមគាំទ្រហើយនិងក្រុមប្រឆាំងលោកស្រីប៉ាក់ គុនហេ។ នៅថ្ងៃសុក្រនៅក្រោយតុលាការធម្មនុញ្ញប្រកាស បញ្ជាក់ ការទម្លាក់លោកស្រី ប៉ាក់ គុនហេពីតំណែងប្រធានាធិបតីអំពើហិង្សាផ្ទុះឡើងរវាងក្រុមអ្នកគាំទ្រហើយនិងក្រុមប្រឆាំង បានសម្លាប់មនុស្ស៣នាក់។
ចាប់តាំងពីថ្ងៃសុក្រ បាតុករកូរ៉េខាងត្បូងជាច្រើនរយនាក់នៅបន្តហែរក្បួនតាមផ្លូវ ដើម្បីទាមទារឲ្យគេចាប់លោកស្រីប៉ាក់គុនហេដាក់ពន្ធនាគារ។ ដកចេញពីតំណែងប្រធានាធិបតី លោកស្រីប៉ាក់គុនហេលែងមានអភ័យសិទ្ធិដែលធ្លាប់ការពារលោកស្រីនៅចំពោះមុខបទចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ។ លោកស្រីត្រូវប្រឈមគ្រប់ពេលវេលា នឹងការចាប់ខ្លួន ក្នុងបទជាប់ទាក់ទងប្រព្រឹត្តអំពើពុករលួយ ដែលបង្កឡើងដោយមិត្តស្រី ចយ ស៊ុនស៊ីល។
សូមរំលឹកជូនថាកាលពីថ្ងៃសុក្រទី១០ខែមីនាសប្តាហ៏មុនតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដែលជាស្ថាប័នកំពូលរបស់រដ្ឋ បានអារកាត់សេចក្តីទម្លាក់លោកស្រី ប៉ាក់ គុនហេ ចេញពីតំណែងប្រធានាធិបតីដូចអ្វីដែលសភាបានអនុម័តកាលពីថ្ងៃទី៩ខែធ្នូ២០១៦កន្លងទៅ។សេចក្តីសម្រេចជាឯកច្ឆ័ន្ទរបស់ចៅក្រម នឹងត្រូវមានសុពលភាពភ្លាម !ក្លាយជាពលរដ្ឋសាមញ្ញ និងអស់អភ័យឯកសិទ្ធិ លោកស្រី បាក់ គុនហេត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ។ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមុនកាលកំណត់នឹងប្រព្រឹត្តទៅនៅរវាងពីរខែទៀត។
ជាសេចក្តីសម្រេចជាប្រវត្តិសាស្ត្រនិងជាលើកទីមួយបង្អស់ក្នុងប្រវត្តិកូរ៉េខាងត្បូងសម័យប្រជាធិបតេយ្យ ដែលប្រធានាធិបតីប្រសូតចេញពីការបោះឆ្នោតត្រូវតុលាការបណ្តេញចេញពីតំណែង !ដោយសេចក្តីសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ចៅក្រមទាំង៨រូប ថាលោកស្រីប៉ាក់ គុនហេ បានរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញដោយបានបណ្តោយឱ្យមិត្តជំនិតចូលលូកលាន់ក្នុងកិច្ចការប្រទេសជាតិនិងប្រព្រឹត្តអំពើពុករលួយ ។
លោកស្រីបានក្បត់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។នេះបើតាមសេចក្តីសន្និដ្ឋានបញ្ចប់របស់តុលាការ។ធ្លាប់មករស់នៅក្នុងវិមានប្រធានាធិបតី ពណ៌ខៀវ តាំងពីអាយុ៩ឆ្នាំជាមួយឪពុកដែលជាប្រធានាធិបតីផ្តាច់ការកូរ៉េខាងត្បូងរហូតដល់ឆ្នាំ១៩៧៩ និងដែលទើបត្រលប់ចូលវិមានប្រធានាធិបតីជាថ្មីម្នាក់ឯងកាលពីឆ្នាំ២០១២ លោកស្រី ប៉ាក់ គុនហេត្រូវចាកចេញដោយគ្មានបង្អង់មួយនាទី ពីវិមានដ៏ប្រណិតមួយនេះនិងត្រូវបាត់បង់ភ្លាមមួយរំពេចរាល់គ្រប់អំណាចនិងអភ័យឯកសិទ្ធិគ្រប់យ៉ាងរាប់ទាំងអភ័យឯកសិទ្ធិដែលការពារលោកស្រីក្នុងរឿងព្រហ្មទណ្ឌត្រលប់ទៅធ្វើជាពលរដ្ឋសាមញ្ញវិញ។
លោកស្រីប៉ាក់ក៏ជាប់សង្ស័យក្នុងសំណុំរឿងពុករលួយទទួលសំណូកពីក្រុមហ៊ុនយក្សរបស់កូរ៉េ តាមរយៈសកម្មភាពរបស់មិត្តជំនិត។តាំងពីផ្ទុះរឿងអាស្រូវមកលោកស្រីបានបដិសេធមិនឆ្លើយនឹងសំណួររបស់អ្នកអង្កេតទេ !ប៉ុន្តែចាប់ពីថ្ងៃនេះទៅ លោកស្រី គ្មានជម្រើសទៀតឡើយ !នៅពេលចាកចេញពីវិមានប្រធានាធិបតីហើយបើមិនចូលខ្លួនទៅប៉ូលិសសួរចម្លើយទេលោកស្រីនឹងត្រូវរងដីការតាមចាប់ខ្លួនហើយ។
ប្រធានាធិបតីកូរ៉េខាងត្បូងមុនក៏ធ្លាប់ជាប់រឿងអាស្រូវពុករលួយទទួលសំណូកពីក្រុមហ៊ុនឧស្សាហកម្មធំៗដែរក្នុងនោះមានប្រធានាធិបតីពីរនាក់ធ្លាប់បានជាប់ពន្ធនាគារនៅទសវត្សរ៍ឆ្នាំ១៩៩០។ ឯចំណែកអតីតប្រធានាធិបតីRoh Moo-Hyun បានសម្លាប់ខ្លួននៅពេលប៉ូលិសកំពុងធ្វើការស៊ើបអង្កេតប្រឆាំងនឹងលោកនិងគ្រួសារ។
សេចក្តីសម្រេចចិត្តដែលកូរ៉េខាងត្បូងទាំងមូលរង់ចាំអស់ពេល៩១ថ្ងៃមកហើយត្រូវបានប្រកាសផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍។ហើយក្នុងខណៈនោះ សេអ៊ូល បានក្លាយជាទីបញ្ជាការដ្ឋាន ! រថយន្តប៉ូលិលនិងប៉ូលិសជាង២ម៉ឺននាក់ បានដាក់ពង្រាយយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះសកម្មជនអ្នកគាំទ្រ និងអ្នកប្រឆាំង លោកស្រី ប៉ាក់ គុនហេបានមកប្រមូលផ្តុំគ្នានៅមុខតុលាការ។ ម្ខាងដើម្បីអបអរម្ខាងដើម្បីសម្តែងកំហឹងថាមានការផ្សំគំនិតផ្តួលទម្លាក់លោកស្រីប្រធានាធិបតី។ អំពើហិង្សាវាយប្រតប់លើប៉ូលិសនិងអ្នកកាសែតបានផ្ទុះឡើង។ មនុស្សពីរនាក់បានស្លាប់ប៉ុន្តែមិនទាន់ដឹងថាដោយសារមូលហេតុអ្វីទេ។
តាមការពិតរឿងអាស្រូវពុករលួយ ដែលកំពុងកើតឡើងប៉ះពាល់ដល់លោកស្រីប៉ាក់ គុនហេ បានជីកខួងឱ្យសង្គមមានការប្រេះឆាអស់ជាច្រើនខែមកហើយ ហើយសេចក្តីសម្រេចតុលាការទំនងជាមិនអាចធ្វើឱ្យរលប់បានឡើយ។ ថ្វីបើមានពលរដ្ឋកូរ៉េខាងត្បូងមួយភាគធំ និងបក្សប្រឆាំងរីករាយចង់ទម្លាក់លោកស្រី ប៉ាក់គុនហេមែន តែលោកស្រីនៅតែមានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់ពលរដ្ឋវ័យចំណាស់និងអភិរក្ស។
សកម្មជនគាំទ្រលោកស្រី ប៉ាក់ គុនហេ កំពុងរន្ធត់ចិត្តខ្លាំងណាស់នៅពេលបានឮសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដោយគ្រោងនឹងរៀបចំធ្វើបាតុកម្មផង។ខ្លះបានស្រែកថាមិនយល់ស្របតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញទេ ខ្លះបានហ៊ានដល់ទៅគំរាមកំហែងចៅក្រមទៀត។
សកម្មជនគាំទ្រទាំងនោះ នៅតែរក្សាអនុស្សាវរីយ៍ល្អនៃកំណើនសេដ្ឋកិច្ចដ៏លឿនរហ័សរបស់កូរ៉េខាងត្បូងក្រោមការគ្រប់គ្រងផ្តាច់ការរបស់លោក ប៉ាក់ ជុងអ៊ី Park Chung-Hee ឪពុកលោកស្រីប៉ាក់ គុនហេ។ នៅសម័យនោះប្រធានាធិបតីកូរ៉េខាងត្បូងបានជ្រើសរើសសហការនិងផ្តល់ការអនុគ្រោះខ្លាំងដល់ក្រុមហ៊ុនឧស្សាហកម្មធំមានជាអាទិ៍ក្រុមហ៊ុនសាំស៊ុង ហ៊ីហាន់ដាយ …ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច។ ជាលទ្ធផល ក្នុងរយៈពេលដ៏ខ្លីកូរ៉េខាងត្បូងបានប្រែក្លាយខ្លួនពីប្រទេសក្រីក្របំផុតទៅជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្លា។
ប៉ុន្តែ ទំនាក់ទំនងរដ្ឋនិង ក្រុមហ៊ុនឧស្សាហកម្មតែងឈានដល់រឿងអាស្រូវពុករលួយដែលបញ្ជាក់ថាកូរ៉េខាងត្បូងត្រូវការធ្វើកំណែទម្រង់។ ជាក់ស្តែងករណីលោកស្រី ប៉ាក់ គុនហេនេះ ក្រៅអំពីលោកស្រីអស់អំណាចអគ្គនាយករងគ្រប់គ្រងក្រុមហ៊ុនយក្សដ៏ល្បីល្បាញសាំស៊ុងក៏ស្ថិតនៅក្រោយចំរឹងដែក ព្រោះសំណុំរឿងតែមួយ។
តាំងពីសភាទម្លាក់លោកស្រី ប៉ាក់ គុនហេ នៅខែធ្នូមកគឺនាយករដ្ឋមន្ត្រីជាអ្នកទទួលបន្ទុកដឹកនាំប្រទេសក្នុងនាមជាប្រធានាធិបតីស្តីទី។ហើយសេចក្តីសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថ្ងៃនេះជាការបើកផ្លូវឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណត្តិ។
បើតាមប្រព័ន្ធឃោសនាព័ត៌មានការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ឧសភាខាងមុខ និងក្នុងបរិបទដ៏តានតឹង ៖ តានតឹងជាមួយកូរ៉េខាងជើងដែលទើបបាញ់សាកល្បងមីស៊ីលជាថ្មី- តានតឹងជាមួយចិនក្រោយពីវ៉ាស៊ីនតោននិងសេអ៊ូលបានសម្រេចដាក់ពង្រាយខែលមីស៊ីលប្រឆាំងមីស៊ីល នៅកូរ៉េខាងត្បូង។
អ្នកដែលមានប្រជាប្រិយភាពលេចធ្លោខ្លាំងក្នុងការស្ទង់មតិ គឺលោក មូនជៃអ៊ីន (៣៦%) បេក្ខជនមកពីបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងនិងដែលធ្លាប់ចាញ់លោកស្រីប៉ាក់ គុនហេ ក្នុងសម័យបោះឆ្នោតឆ្នាំ២០១២។
ឯចំណែកបក្សអភិរក្សរបស់លោកស្រីប៉ាក់ គុនហេហាក់ដូចជាខ្វះមេកើយតំណាងខ្លាំងណាស់ នៅពេលដែលលោកបាន គីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមក។ លោកនាយករដ្ឋមន្ត្រីនិងជាប្រធានាធិបតីស្តីទី Hwang Kyo-Ahn បានទទួលប្រជាប្រិយភាពលំដាប់ទីពីរ៕
មតិយោបល់