រាជធានីភ្នំពេញ៖ ក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូនៃមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមអញ្ជើញមកដំណើរទស្សនកិច្ចការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើទៅដល់លោកវរសេនីយ៍ឯក វ្វ៉ ហុងកុង នាយករងនៃមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យជួយបណ្តុះបណ្តាលនគរបាលរាជធានីភ្នំពេញលើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងប្រឆាំងបទល្មើភេវរកម្ម ដើម្បីឱ្យនគរបាលរាជធានីភ្នំពេញមានសមត្ថភាពនិងជំនាញពិតប្រាកដក្នុងកិច្ចប្រតិបត្តិការការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់ ។
តបតាមការស្នើសុំរបស់លោកឧត្តមសេនីយ៍ទោស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សាស្វាគមន៍ដែលបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារទី១៤ ខែមករា ឆ្នាំ២០២០ នាយរងនៃមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកវរសេនីយ៍ឯក វ្វ៉ ហុងកុង ក៏បានទទួលយកសំណើរខាងលើដើម្បីរាយការណ៍ជូនទៅថ្នាក់លើយកទៅអនុវត្តសម្រេច ។
សូមបញ្ជាក់ថា ការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូនៃមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គណៈប្រតិភូបានដឹកនាំសិក្ខាកាមជានិស្សិតនគរបាលជាតិកម្ពុជាចំនួន ១៣នាក់ ដែលកំពុងសិក្សារៀនសូត្រនៅក្នុងមហាទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យមកបំពេញកម្មសិក្សាការងារជាក់ស្តែងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ការងារ និងយកធ្វើជានិក្ខេបបទសម្រាប់បញ្ចប់គ្គសិក្សារៀនសូត្រនៅមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សិក្ខាកាមនិស្សិតនគរបាលជាតិកម្ពុជាចុះមកកិច្ចការងារមានរយៈពេល៥ខែ និងមានការវាយតម្លៃអំពីសកម្មភាព នៃការសិក្សារៀនសូត្ររបស់សិក្ខាកាមក្នុងអំឡុងបំពេញភារកិច្ចនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីយកជាមូលដ្ឋានសម្រាប់សាលា យកទៅវាយតម្លៃសម្រេចបញ្ចប់វគ្គសិក្សារៀនសូត្ររបស់សិក្ខាកាមរយៈពេល៥ឆ្នាំ ៕
មតិយោបល់