កណ្ដាល ៖ យុវជនម្នាក់ស្លាប់ និងយុវជនម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នា បោះពួយលឿនដូចហោះ ដល់ចំណុចផ្លូវកោងមិនបង្អង់ ក៏ជ្រុលទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋពេញមួយទំហឹងតែម្ដង ។ ហេតុការណ៏គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សឿន វុត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ព្រែកស្លែង ឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាកYAMAHA FZ ពណ៌ខ្មៅលឿង ពាក់ស្លាកលេខ កណ្តាល 1AG.3822 និងម្នាក់ទៀតឈ្មោះ យី ញ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលស្ពឺឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រងរបួសធ្ងន់ (ជាអ្នករួមដំណើរ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ បើកម៉ូតូឌុបគ្នាចេញពីភូមិទួលស្ពឺសំដៅមកផ្លូវលេខ១១០ ក្នុង ទិសដៅពីកើតមកលិចដោយល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវកោង ក៏ជ្រុលទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋ ឈ្មោះ ហ៊ យុិច ពេញមួយទំហឹង បណ្តាលឲ្យយុវជនជាអ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកយុវជនម្នាក់ទៀតជាអ្នករួមដំណើរ រងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចនគរបាលបានចុះមកកន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកជនរងគ្រោះរបួសធ្ងន់ទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានសម្ថកិច្ចជំនាញស្រុក ធ្វើការពិនិត្យ និងវាស់វែង រួចកសាង ឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់