ខេត្តព្រះវិហារ ៖ នៅបរិវេណមណ្ឌលកីឡដ្ឋានខេត្តព្រះវិហារ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ មានរៀបចំប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក អធិការ ក្រុង/ស្រុកទាំង០៨ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ប៉ុស្តិ៍ និងមន្ត្រីចំណុះអោយស្នងការដ្ឋាននគរបាលខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៧១៨ នាក់ ។
តាមរបាយណ៍ដែលអានដោយលោកឧត្តមសេនីយ៍ត្រី សំ សាមឿន ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ យោងតាមស្ថិតិគ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យ ក្នុងឆ្នាំ២០១៩ មានកើតឡើងចំនួន ២៨/២០ លើក ធៀបនឹងឆ្នាំ២០១៨កើនឡើង០៨លើក ក្នុងនោះកើនឡើងនៅក្រុងព្រះវិហារចំនួន ៦/៤លើក, ស្រុកគូលែន ៣/២លើក, ស្រុករវៀង ៥/១លើក, ស្រុកឆែប ៣/៤លើក, ស្រុកត្បែងមានជ័យ ២/០លើក និងស្រុកជាំក្សាន្ត ៩/៧លើក ប៉ុន្តែមិនបណ្តោយឲ្យមានការបាត់បង់ដល់អាយុជីវិតមនុស្សឡើយ ។ ក្នុងនោះដែរជំនាញ បង្ការ និងពន្លត់អគ្គីភ័យ បានចែកជូន ខិត្តប័ណ្ណហ៊តឡាញ ដើម្បីទំនាក់ទំនងបទល្មើសផ្សេងៗ ជាពិសេស បង្ការ និងពន្លត់អគ្គីភ័យ ចំនួន៦០០សន្លឹក ផងដែរ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សិរី បានថ្លែងបញ្ជាក់ថា ការរៀបចំទិវាជាតិ បង្កា និងពន្លត់អគ្គីភ័យនាថ្ងៃនេះ គឺជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់ក្រៃលែង ដែលស្តែងឡើងឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាប និងយល់ដឹងអំពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលបានទទួលរងនូវការគ្រោះថ្នាក់ ដែលបង្កមកពីអគ្គីភ័យរយៈពេលកន្លងមក ។
ទន្ទឹមនោះដែរ ឯកឧត្តម បានធ្វើការអំពាវនាវ ដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្កាគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវ តាមវិធានការនិងការណែនាំ របស់កងកំលាំងនគរបាលជំនាញ បង្ការ និង ពន្លត់អគ្គីភ័យ អោយបានជាប្រចាំ ដើម្បីចៀសផុតពីគ្រោះថ្នាក់អគ្គីភ័យដែលមានកើតឡើងជាយថាហេតុ ។
ក្នុងឱកាសនោះដែរ កងកម្លាំងនគរបាលជំនាញ បង្កា និង ពន្លត់អគ្គីភ័យ បានសម្តែងសកម្មភាព ស្តីពីការ បង្កា ពន្លត់អគ្គីភ័យ ដោយប្រើភួយជ្រលក់ទឹក របៀបពន្លត់ដោយប្រើ បំពង់ពន្លត់អគ្គីភ័យ និងសកម្មភាព អន្តរាគមន៍ពន្លត់អគ្គីភ័យដោយរថយន្ត ជូនគណ:អធិបតី និងសមាជិក សមាជិកា នៃអង្គពិធីទស្សនាផងដែរ ៕
មតិយោបល់