រាជធានីភ្នំពេញ៖ ស្នងការរងទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនដល់មន្ត្រីនគរបាលក្រោមឱវាទនូវសេចក្តីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិស្តីពីវិធានការ ធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងបានមានប្រសាសន៍ណែនាំនិងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់មន្ត្រីនគរបាលក្រោមឱវាទ ត្រូវអនុវត្តតាមការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យបានម៉ឺងម៉ាត់នឹងមានប្រសិទ្ធភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ស្នងការរងលើកឡើងទៀតថាកម្លាំងត្រូវមានមុខប្រចាំការនិងចុះបំពេញភារកិច្ចតាមផែនការការពាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្កើនស្តាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងនាំមកនូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។យកចិត្តទុកដាក់បង្ការទប់ស្កាត់ក្មេងទំនើង ករណីឆក់ លួច ប្លន់ ប្រើប្រាស់អាវុធខុសច្បាប់ បញ្ហាអគ្គិភ័យ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់គ្នា និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាដើម ។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើង ណែនាំមន្ត្រីនគរបាលក្រោមឱវាទអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបង្ការទប់ស្កាត់ជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ចូលរួមល្បាតត្រួតពិនិត្យ ក្នុងករណីចាំបាច់ដើម្បីទប់ស្កាត់ការប្រមូលផ្តុំជួបជុំរៀបចំកម្មវិធីកម្សាន្ត បែបប្រពៃណី ពិធីជប់លៀង រាំកម្សាន្តនៅតាមទីសាធារណៈនិងតាមសហគមន៍ ព្រមទាំងការជួបជុំតាមបែបសាសនា ផងដែរ ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
មតិយោបល់