ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំ ស្តីពី វិធានការធានារស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ លោកអធិការក្រុង/ស្រុកទាំង ១២ និងនាយប៉ុស្តិ៍រដ្ឋបាលក្រុងសៀមរាបទាំង ១២ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានមតិណែនាំដល់ការិយាល័យជំនាញ និងអធិការក្រុង/ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្ត ត្រូវកសាងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម តាមជំនាញ និងភូមិសាស្ត្ររៀងៗខ្លួន ដោយផ្តោតលើការងារសំខាន់ៗមួយចំនួនរួមមាន ៖
១. ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧបាយកល សកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអោយបានទាន់ពេលវេលា និងប្រសិទ្ធិភាព ។
២. ត្រូវបែងចែកកម្លាំង ឈរជើង ចុះល្បាតជាប្រចាំ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងនៅតាមសហគមន៍ ភូមិ-ឃុំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនាំអោយគ្រោះថ្នាក់ បង្កភ័យខ្លាចដល់ប្រជាពលរដ្ឋ និងនាំអោយជះឥទ្ធិពលមិនល្អ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សង្គម ។
៣. ជំរុញ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការកែសម្រួលការពិន័យអន្តរការណ៍ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមបណ្តាផ្លូវជាតិ ទីប្រជុំជន ក៏ដូចជាគោលដៅផ្សេងៗ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ។
៤. ត្រូវអប់រំប្រជាពលរដ្ឋអោយមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះមហន្តរាយនានា ដោយត្រូវរៀបចំកម្លាំង និងមធ្យោបាយត្រៀមបម្រុង ប្រចាំការ ២៤/២៤ម៉ោង ដើម្បីអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា ។
៥. ពង្រឹងការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ និងត្រូវសហការជាមួយបណ្តាសារពត៌មានសំខាន់ៗ ដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ ។
៦. ត្រូវបន្តជំរុញអនុវត្តតាមខ្លឹមសារសេចក្តីណែនាំ ០០២សណន របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ស្ត្រីពីវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ-១៩ ។
៧. ត្រូវត្រៀមលក្ខណ:សម្បត្តិទាំងកម្លាំងអន្តរាគមន៍ និងមធ្យោបាយ សម្ភារៈ សំដៅរួមចំណែកក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ និងគណ:កម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ គ្រប់ជាន់ថ្នាក់ ដើម្បីចុះល្បាត ត្រួតពិនិត្យ អប់រំ ទប់ស្កាត់រាល់ការប្រមូលផ្តុំ បែបសាសនា ពិធីរាំរែកកំសាន្តផ្សេងៗ បន្តការសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការក្តាប់វត្តមាន និងស្ថានភាពអ្នកចំណាកស្រុកដែលវិលត្រឡប់មកពីក្រៅប្រទេស ។
៨. រៀបចំចាត់តាំងប្រតិភូ និងអំណោយ ចុះសួរសុខទុក្ខកម្លាំងនគរបាលនៅសមរភូមិមុខ សម្រាកព្យាបាលនៅមន្ទីរពេទ្យ គេហដ្ឋាន និងគ្រួសារនគរបាលដែលពលី ឬរបួសក្នុងបុព្វហេតុជាតិ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការក៏ផ្តាំផ្ញើដល់នាយការិយាល័យជំនាញ និងអធិការក្រុង/ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតាមសេចក្តីណែនាំនេះ ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣-១៤-១៥ ខែមេសា ឆ្នាំ២០២០ និងដើម្បីរួមចំណែកបង្ការ ទប់ស្កាត់ ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
មតិយោបល់