ខេត្តកំពង់ធំ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើពលកម្ម អនាម័យបរិស្ថាន នៅវិទ្យាល័យកំពង់ធំ ស្ថិតក្នុងភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
បងប្អូនកងកម្លាំងយើង បានខិតខំប្រឹងប្រែងចូលរួមធ្វើពលកម្ម យ៉ាងសស្រាក់សស្រាំដោយបោសសំអាត ក្រដាស ផង់ផ្លាស្ទីក និងប្រមូលសំរាម យកទៅទុកដាក់ ក្នុងធុងសំរាម យ៉ាងមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ ។
បន្ទាប់ពីធ្វើពលកម្ម បោសសំអាតសំរាមរួចមក កងកម្លាំងជំនាញ បានបាញ់សម្អាតទឹកលាងធូលីដី ចេញពីបន្ទប់អាគារ នៃវិទ្យាល័យ ដើម្បីទទួលបានបរិស្ថានស្អាត និងមានផាសុខភាពល្អ ។
អាគារបានដែលបានរៀបចំសម្អាតខាងលើនេះ ជាកន្លែង សម្រាប់ទទួលបងប្អូនពលករ ចំណាកស្រុក វិលត្រឡប់មកមាតុប្រទេស ស្រុកកំណើតលំនៅដ្ឋានរបស់ខ្លួន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ គ.ស ២០២០ ដើម្បីធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ បង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 តាមសហគមន៍ ។
ជានិច្ចកាលលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែដាសតឿនក្រើនរំលឹក ដល់កងកម្លាំងក្រោមឱវាទទូទាំងខេត្តកំពង់ធំ ត្រូវមានអនាម័យជាចំបង ក្នុងរស់នៅ និងការបំពេញភារកិច្ចជាប្រចាំថ្ងៃ ជាពិសេសត្រូវចាត់ទុកទីកន្លែងបំពេញភារកិច្ច ជាលំនៅស្ថានទី២ របស់ខ្លួនផងដែរ ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
មតិយោបល់