រាជធានីភ្នំពេញ៖ នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្កោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវស៊ើបអង្កេតករណីអគ្គិភ័យកើតឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែន សុខរាជធានីភ្នំពេញបណ្តាលឱ្យមនុស្សស្លាប់០១នាក់និងរងរបួស០១នាក់ បង្កឡើងដោយផ្ទុះកំប៉ុងហ្គាសខណៈដែលជនរងគ្រោះកំពុងងូតទឹកក្នុងបន្ទប់ទឹកហើយបើកបញ្ឆេះចង្រ្កានហ្គាសចោលកំដៅស្ងោរមាន់។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវបេតុងមួយកន្លែងក្បែរមន្ទីរពេទ្យរ៉ូយ៉ាល់បន្ទប់ជួលលេខ៣៤ ក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភព័ត៌មានពីមន្រ្តីនគរបាលការិយាល័យបង្ការពន្លត់និងសង្រ្គោះឱ្យដឹងថាមុនពេលកើតហេតុគឺមានបុរស០៣នាក់ប្រកបមុខរបរជាជាងម៉ៅការសំណង់និងជាកម្មករសំណង់ស្នាក់នៅក្នុងបន្ទប់ជួលខាងលើខណៈនោះពួកគេក៏បានយកមាន់ស្ងោរ០១ក្បាលពីកន្លែងសែនព្រេនបើកការដ្ឋានសំណង់នៅក្បែរកន្លែងកើតហេតុដើម្បីកំដៅស្ងោរនិងចង្រ្កានហ្គាស ដាក់ សម្រាប់ទទួលទាន នៅក្នុងបន្ទប់ជួល។
បន្ទាប់មកបុរសម្នាក់ជាកម្មករសំណង់ក៏បានចូលទៅងូតទឹកក្នុងបន្ទប់ទឹកចំណែក០២នាក់ទៀតអង្គុយលេងទូរសព្ទក្នុងបន្ទប់ជួលនោះផងដែរ។ស្រាប់តែក្រោយមកក៏ផ្ទុះកំប៉ុងហ្គាសចេញពីចង្រ្កានកំដៅស្ងោរមាន់បង្កជាអគ្គិភ័យយ៉ាងឆាប់រហ័សឆាប់ឆេះសម្លៀកបំពាក់និងម៉ូតូ០១គ្រឿយ៉ាងសន្ធោសន្ធៅក្នុងនោះបុរស០២នាក់អង្គុយលេងទូរសព្ទបានរត់គេចខ្លួចេញមកខាងក្រៅទាន់ប៉ុន្តែទទួលរងរបួសស្រាល០១នាក់ចំណែកបុរសម្នាក់ទៀតជាកម្មករដែលចូលងូតទឹកក្នុងបន្ទប់ទឹកចេញមិនទាន់ក៏ត្រូវភ្លើងឆេះស្លាប់ក្នុងភ្លក់ភ្លើង។នៅពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុសហការជាមួយរថយន្តបង្ការពន្លត់អគ្គិភ័យបានចូលទៅអន្តរាគមន៍បាញ់ទឹកនិងប្រើបំពង់ឧស្ម័នហ្គាសបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យនោះមិនបង្កឱ្យរាលដាលទៅឆាបឆេះបន្ទប់ជួលក្បែរនោះទៀតឡើយ។អគ្គិភ័យត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុងរយៈពេល២០នាទីចុងក្រោយនៅយប់ថ្ងៃដដែល ។
បើយោងតាមប្រភពព័ត៌មានមន្រ្តីបង្ការពន្លត់អគ្គិភ័យឱ្យដឹងទៀតថាជនរងគ្រោះទាំង០២នាក់ស្លាប់និងរងរបួសជាបងបង្អូនបង្កើតកូនភ្លោះបានមកជួលបន្ទប់ស្នាក់ជាមួយមេកាទាំងអស់០៣នាក់នៅក្បែរកន្លែងការដ្ឋានសំណង់ធ្វើការងាររបស់ខ្លួននៅចំណុចកើតហេតុខាងលើទើបតែបាន២ទៅ៣ថ្ងៃប៉ុណ្ណោះ។ជនរងគ្រោះដែលស្លាប់មានឈ្មោះព្រេង សុខា ភេទប្រុស អាយុ២១ឆ្នាំ ប្រកបមុខរបរកម្មសំណង់ និងអ្នករងរបួសមានឈ្មោះ ព្រេង ឃីម ភេទប្រុស អាយុ២១ឆ្នាំ ប្រកបមុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។អគ្គិភ័យនោះបានបង្កឱ្យខូចខាតបន្ទប់ជួលទំហំ០៤ម៉ែត្រគុណ០៤ម៉ែត្រចំនួន០១បន្ទប់ ម៉ូតូ០១គ្រឿង និងឧករណ៍សម្ភារៈ មួយចំនួនទៀតផងដែរ ៕
មតិយោបល់