ខេត្តកណ្ដាល ៖ កម្លាំងនគរបាលស្រុកអង្គស្នួល ចាប់ឃាត់ខ្លួនជនសង្ស័យ០៨នាក់ ក្នុងចំណោមបក្ខពួក០៩នាក់ ករណីលួចមានស្ថានទម្ងន់ទោស ខណៈជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបហាត់ប្រាណយកសាច់ដុំ នៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យជិះម៉ូតូ៣គ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់ និងក្បាលបណ្ដាលរបួសរលាត់ម្រាមដៃ ក្បាលជង្គង់និងម្រាមជើងខាងស្ដាំ និងដួលនៅលើផ្លូវជាតិ ពេលនោះបក្ខពួកជនសង្ស័យ កំពុងសំឡុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ចកំពុងល្បាតមកដល់ ជនសង្ស័យនាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើតតាមផ្លូវជាតិលេខ៤ ហើយសមត្ថកិច្ចបានដេញតាម និងពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទងបានស្ទាក់ ឃាត់ក្រុមបក្ខពួកជនសង្ស័យ បាន ។
កើតហេតុថ្ងៃទី២៥ខែ១១ឆ្នាំ២០២០ វេលា០៣ និង៣០នាទី ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ អ៊ី សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ចំណែកឯជនសង្ស័យ០៩នាក់ (ឃាត់ខ្លួន០៨នាក់)រួមមាន ៖ ១.ឈ្មោះ កើត គឹមអៀង ភេទប្រុសកើតឆ្នាំ១៩៩៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ជាមេក្លោង និងជាអ្នកវាយលើជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ករណីជួញដូរសារធាតុញៀន ។ ២.ឈ្មោះធី រដ្ឋា ហៅតឿ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលសាម៉សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ មានរបួសជើងខាងឆ្វេងពេលរត់គេចពីសមត្ថកិច្ចទៅមុតអំបែងកែវ (ឃាត់ខ្លួន) ជាអ្នកវាយ ជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងករណី ជួញដូរសារធាតុញៀន ជាប់រយៈពេល២ឆ្នាំ ។ ៣.ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុសកើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ជាអ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លន) ។ ៤.ឈ្មោះ ឃីម ប្រាកដ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្លាប់ធ្វើសកម្មភាពឆក់ ០៤លើក (ឃាត់ខ្លួន) ។ ៥.ឈ្មោះ កែវ ចាន់ដារ៉ា ភេទប្រុសកើតឆ្នាំ២០០២ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន) ។ ៦.ឈ្មោះ ស៊ុ ពិសា ភេទប្រុសកើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន) ។ ៧.ឈ្មោះ ឡេង តុង ភេទប្រុសកើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន)។ ៨.ឈ្មោះ ជ្រឹង វេហា ភេទប្រុសកើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោង ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល មានរបួសរលាត់ដៃ ជើង មុខ ដោយសារដួលម៉ូតូ ពេលជិះគេចពីសមត្ថកិច្ច (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) រយៈពេល០៩ខែ។ ៩.ឈ្មោះ អៀម សម្បត្តិ ភេទប្រុសកើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល មានរបួស រលាត់ក្បាលជង្គង់ខាងស្ដាំពេលដួលម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន)។
វត្ថុតាងរួមមាន ៖ ១.ម៉ូតូ៣គ្រឿង ៖ -ម៉ាកសង់ផលិតឆ្នាំ២០១៤ពណ៌ខ្មៅលេខតួនិងលេខម៉ាស៊ីន៩១៩០៣៤៤ ពាក់ផ្លាកលេខភ្នំពេញ១CY-០១៦៦ ។ -ម៉ាកសង់ផលិតឆ្នាំ២០១៨ពណ៌ខ្មៅលេខតួ.លេខម៉ាស៊ីន៥២២៨៤៦៩ ពាក់ផ្លាកលេខកំពង់ស្ពឺ១M-៨៩៣៧ រងការខូចខាត នៅពេលជិះ គេចពីសមត្ថកិច្ចហើយដួល ។ -ម៉ូតូម៉ាកស្កុបពីផលិតឆ្នាំ២០២០ពណ៌ស លេខតួ.លេខម៉ាស៊ីន៨១៦៥០១៧ ពាក់ផ្លាកលេខកណ្ដាល ១V-៣៥៧៨ ។ ២.ទូរស័ព្ទ៣គ្រឿង៖ -ទូរស័ព្ទម៉ាក Realme ១គ្រឿងពណ៌ខ្មៅ។ -ទូរស័ព្ទម៉ាក iPhone6 ១គ្រឿងពណ៌ទឹកប្រាក់ -ទូរស័ព្ទម៉ាកណូគារអិនចុចពិល ១គ្រឿងពណ៌ខ្មៅ ។ ៣.កាបូបស្ពាយចំហៀងពណ៌ខ្មៅ១ ។ ៤.វិទ្យុទាក់ទងម៉ាកMotorola ប្រើកាណាU ១គ្រឿង។ ៥-ម៉ូតូ១គ្រឿងម៉ាកសង់ ផលិត ឆ្នាំ២០១៦ពណ៌ខ្មៅលេខតួ.លេខម៉ាស៊ីន៩៥០១៥២៦ ពាក់ផ្លាកលេខ ភ្នំពេញ ១FP-២៦៥៦ (របស់ជនរងគ្រោះ យកបានមកវិញ) ។
ប្រភពដដែលបានបន្តថា ៖ តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថាខ្លួននិងបក្ខពួក បាននាំគ្នា ចាំធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤ លុះដល់ពេលកើតហេតុ ទើបឃើញជនរងគ្រោះជិះម៉ូតូមកពីទិស ខាងកើត ក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ និងគម្រាម យកម៉ូតូប្រាកដមែន។
បច្ចុប្បន្នករណីនេះកម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់