បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគាររយៈពេលជិត០១ឆ្នាំ ពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ហើយទើបរួចទោសចេញបានជិត០១សប្តាហ៍ បានបង្កឲ្យខូចខាតម៉ូតូ ផ្ទះ និងរថយន្តបង បង្កើតរួចរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនបង្កឈ្មោះ រីក រួន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជននេះធ្លាប់បានជាប់គុករយៈពេលជិត០១ឆ្នាំ ពីបទបង្កឲ្យខូចខាតព្រព្យសម្បត្តិអ្នកដទៃ(ផឹកស្រាស្រវឹងដុតម៉ូតូបងប្អូនជីដូនមួយ) ។ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ជននេះបានផឹកស្រាស្រវឹង ហើយបានមករកបងប្អូនដោយសួររកអ្នកដែលបានប្តឹងខ្លួនឲ្យនគរបាលចាប់ខ្លួនដាក់គុក ។
បន្ទាប់មកជននេះបានធ្វើសកម្មភាពយកដំបងឈើវាយបំផ្លាញម៉ូតូ វាយឡាន វាយកញ្ចក់ទ្វារផ្ទះ កញ្ចក់បង្អូចផ្ទះ របស់ឈ្មោះ រីក សំរឿង ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាបងបង្កើត នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលបែកបាក់ខូចខាតអស់ រួចហើយរត់គេចខ្លួន ។
លោកអធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំណាំតៅ បានចុះស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនបង្កឈ្មោះ រីក រួន ដែលរត់ទៅសំងំលាក់ខ្លួននៅផ្ទះម្តាយបង្កើតរបស់គេ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ រីក រួន ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់