ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលនារីក្នុងផែនការងារសន្តិសុខ ចំនួន៣៧នាក់ មកពីស្នងការរដ្ឋានខេត្តចំនួន៧ មាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពត, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តក្រចេះ ដែលចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “ ការពង្រឹងសមត្ថភាពនគរបាលស្ត្រី”លើកទី៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមាន ប្រសាសន៍ណែនាំ ក៏ដូចជាចង្អុលបង្ហាញដល់សិក្ខាកាម ទាំងអស់ឲ្យខិតខំប្រឹងប្រែង ត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ដើម្បីទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទៅ បង្កើនសមត្ថភាពក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ និងសម្រាប់ការងារទៅថ្ងៃអនាគត ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ជានិច្ចកាលតែងតែបានគិតគូរអំពីការផ្តល់ការ បណ្តុះបណ្តាលចំណេះដឹង ក៏ដូចជាជំនាញដល់នគរបាលនារី ដើម្បីមានសមត្ថភាព ចូលរួមដឹកនាំអង្គភាព ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិបានដំឡើងឋានៈ និង ឋានន្តរសក្តិដល់នគរបាលនារីជាបន្តបន្ទាប់ផងដែរ ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះជាវគ្គលើកទី៦ ដែលធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២១ ហើយវគ្គនេះនឹងបន្តរៀបចំចំនួន០១វគ្គបន្ត ទៀតដល់មន្ត្រីនគរបាលនារីទាំងអស់ នៃផែនការងារសន្តិសុខតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ៕
មតិយោបល់