ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលច្បារអំពៅ២ ចាប់ឃាត់ខ្លួនបានហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០ ២១នេះ ក្រោយពីធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវតិ្ថភាព ដែលបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បតិ្ត។
យោងតាមការអះអាងរបស់លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុសិ្តរដ្ឋបាលច្បារអំពៅទី២ បានឲ្យដឹងនៅថ្ងៃទី២១មករានេះថា ជននេះត្រូវបានឃាត់ក្រោមបទលួចមានស្ថានទម្ង់នទោសដោយសារការកាប់គាស់ទម្លុះទម្លាយប្រើដំបងឈើគាស់ជញ្ជាំងស័ង្កសីឃ្លាំងលួចទ្រព្យសម្បត្តិ នៅចំណុចឃ្លាំងទំនិញលេខ១២៦ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអាធ្រាត។
លោកនាយប៉ុសិ៍្តបន្តថា ជនរងគ្រោះឈ្មោះ លី សុខឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ រីឯជនសង្ស័យឃាត់ខ្លួនឈ្មោះ ថាច់ ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានចាក់សោទ្វារឃ្លាំងត្រឹមត្រូវ (ចំណុចកើតហេតុ) រួចទៅដេកផ្ទះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ថាច់ ឡេង និងឈ្មោះអេង សៀងហាប់ ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់ មកឈប់ក្បែរឃ្លាំង យកដំបងឈើ គាស់ជញ្ជាំងស័ង្កសីចូលលួចបាន ម៉ាស៊ីនផ្ទុករូបភាពកាមេរ៉ាសុវត្ថិភាព ម៉ាក Hik Vision ០១គ្រឿង, កុំព្យូទ័រលេបថប ០៥គ្រឿង(ម៉ាក Asus ពណ៌ខ្មៅលាយក្រហម ០២គ្រឿង, ម៉ាក Dell ពណ៌ខ្មៅ ០២គ្រឿង, ម៉ាក Make Book ០១គ្រឿង), អាយផេត ០១គ្រឿង, USB ០១ និងធុងបាសម៉ាក JBL ០១គ្រឿង រួចគេចខ្លួននាំគ្នាយកកុំព្យូទ័រ ០២គ្រឿង ទៅលក់ឲ្យគេនៅម្តុំផ្សារសូរិយាបានលុយ៤៧០ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ចំណែកសម្ភារៈនៅសល់ ឈ្មោះអេង សៀងហាប់ជាអ្នកទុក។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវលុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះថាច់ ឡេង នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ដកហូតកង់ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕ កែសម្រួលដោយ៖ អនុ.ឯ ឌិន សុខស៊ីថា
មតិយោបល់