បន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពិច ដោយបើកម៉ូតូទៅបុកជាមួយរថយន្ត ។ ហេតុការណ៍គ្រថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការិយាល័យនគរបាលចរាចរណ៍បានឲ្យដឹងថា៖អ្នកបើកបរម៉ូតូឈ្មោះ លី ភីរក្ស ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ចំណែកអ្នកបើករថយន្តមិនត្រូវបានគេស្គាល់ឈ្មោះនោះទេឡើយ ព្រោះបានរត់គេចខ្លួនក្រោយពេលកើតហេតុ ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា មុនពេលកើតហេតុ អ្នកបើកម៉ូតូម៉ាកហុងដាត្រៃ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ .1BG.4445 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិក្នុងទិសដៅពីជើងទៅត្បូងដោយបើកបរមានល្បឿនលឿន មិនប្រកាន់ស្តាំក៏ជ្រុលទៅបុកនិងរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ប.មានជ័យ 2B-3095 បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង រថយន្តបានរេចង្គូតធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក ហើយអ្នកបើករថយន្តគេចខ្លួនបាត់ ។ម៉ូតូខូចខាតធ្ងន់និងរថយន្តខូចខាតធ្ងន់ ។
មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូបើកលឿនហើយមិនប្រកាន់ស្តាំ ។
ម៉ូតូនិងរថយន្តសមត្ថកិច្ចបានមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយនៅពេលក្រោយ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់