ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ភ ស្នងការរងផែនការងារធនធានមនុស្ស តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ពពោធិ៍សាត់ បានដឹកនាំមន្ត្រីចំណុះផែនការងារធនធានមនុស្ស នាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន ១៤,០០០,០០០រៀល ជូនក្រុមគ្រួសារមន្រ្តីនគរបាល ដែលបានទទួលមរណ:ភាពកាលពីពេលកន្លងទៅនេះ ចំនួន ០៣គ្រួសារ ៖ ១- លោកស្រី លឹម ស៊ីណា រស់នៅភូមិពាលញែកI សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវជាភរិយា នៃសពលោកអនុសេនីយ៍ឯក ចែម ភារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដែលបានទទួលមរណ:ភាពដោយសារជម្ងឺគាំងបេះដូងនាពេលកន្លងទៅទទួលបានថវិកាចំនួន ៦,០០០,០០០រៀល ។ ២- លោកស្រី ជុំ គឹមស៊ន រស់នៅភូមិស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ ត្រូវជាប្រពន្ធស្របច្បាប់ នៃសពលោកព្រិន្ទបាលឯក ហ៊ឹម សារិន (មន្ត្រីចូលនិវត្ត) នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលបានថវិកាចំនួន ៦,០០០,០០០រៀល ។ ៣- លាង សារ៉ាន់ មន្ត្រីនគរបាលចូលនិវត្តន៍ ត្រូវជាប្តីរបស់សពលោកស្រី យក់ ចរិយា ទទួលបានថវិកាចំនួន ២,០០០,០០០រៀល ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការរង ឆាយ សុភ័ក្រ្ត បានសំណេះសំណាលជាមួយនឹងបងប្អូនក្រុមគ្រួសារសពមន្រ្តីនគរបាល និង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយសសមាគម ស.ម.ន ឯកឧត្តម នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគម ស.ម.ន ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ដូចនេះទើបឯកឧត្តមផ្តួចផ្តើមឲ្យមានសមាគមមិត្តនគរបាលនេះកើតឡើងក្នុងគោលបំណងជួយបង្កលក្ខណៈ និងជួយសម្រួលដល់ជីវភាពភរិយា ឬស្វាម៉ីមន្ត្រីនគរបាលទាំងអស់សម្រាប់ក្រុមគ្រួសារទុកធ្វើជាទុនប្រកបមុខរបររកស៊ីស្របច្បាប់ ។
លោកឧត្តមសេនីយ៍ស្នងការរង បានមានប្រសាសន៍បន្តថាថវិកាដែលក្រុមគ្រួសារ នៃសពបានទទួលនាពេលនេះត្រូវ យកទៅចាត់ចែងតាមសេចក្តីត្រូវការក្នុងក្រុមគ្រួសាររបស់ខ្លួនឲ្យចំគោលដៅដែលខ្លួនត្រូវការ ។ ចំពោះការបាត់បង់សពលោក លោកស្រីទាំង០៣នាក់ ដែលជាស្វាមី ជាភរិយា ជាឪពុក និងជាម្តាយដ៏ល្អនៃក្រុមគ្រួសារសព គឺជាការសោកស្តាយ ជាទីបំផុតដែលកន្លងមកលោក លោកស្រីទាំង ០៣នាក់ បានចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ ៕
មតិយោបល់