រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកវគ្គហ្វឹកហាត់ក្បាច់គុនការ៉ាតេ ដល់មន្ត្រីអន្តរាគមន៍សរុបចំនួន ៥០នាក់ (ស្រី ០៤នាក់ ) ដោយត្រូវហ្វឹកហាត់រយ:ពេល ០៦ខែ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ និងលោកអធិការខណ្ឌទាំង ១៤ផងដែរ ។
ក្នុងពិធីបើកវគ្គនេះដែរក៏មានសម្តែងបង្ហាញក្បាច់គុណការ៉ាតេដូ ដោយលោកគ្រូបង្វឹកចំនួន០៥នាក់ ជូនដល់គណ:អធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដើម្បីបានទស្សនា ។ មុននឹងមានមតិចូលរួមឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា បានឡើងប្រគល់សញ្ញាប័ត្រខ្សែក្រវ៉ាត់ខ្មៅ ៣ដាន់ ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាកិច្ចបន្តឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា បានឡើងមានមតិ និងបង្ហាញអំពីប្រវត្តិខ្លីៗនៃដំណើរការករកើតកីឡាការ៉ាតេដូផងដែរ ក្នុងឱកាសនោះដែរឯកឧត្តម អនុប្រធានសហព័ន្ធកីឡាការ៉ាតេដូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអស់ដែលតែងតែយកចិត្តទុកដាក់ ទទួលស្គាល់នូវសមត្ថភាព និងបានអនុញ្ញាតឲ្យបង្កើតជាសាលាការ៉ាតេដូនៅកម្ពុជា ដែលជាសមាជិកការ៉ាតេដូពិភពលោក ជាពិសេសគឺមានការទទួលស្គាល់ពីប្រទេសជប៉ុន ។
ក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ឯកឧត្តម អនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីជួយដឹកនាំលោក លោកស្រីគ្រូបង្វឹកមកជួយហ្វឹកហាត់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យទទួលបានសុខភាពល្អ វិធីការពារខ្លួន ក៏ដូចជាងាយស្រួលក្នុងការចេញប្រតិបត្តិការណ៍បង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសឯកឧត្តមស្នងការ បានគោរពថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ដែលបានផ្តល់មតិផ្តួចផ្តើមដើម្បីឲ្យមានការរៀបចំនូវការហ្វឹកហាត់នេះ ឯកឧត្តមស្នងការ បានផ្តល់មតិណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ និងខិតខំស្តាប់ ហ្វឹកហាត់តាមការណែនាំរបស់លោកលោកស្រីគ្រូបង្វឹក ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរ ៕
មតិយោបល់