ភ្នំពេញ ៖ អង្គការទេសន្តប្រវេសន៍អន្តរជាតិ ដែលហៅកាត់ថា IOM បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដាក់បេក្ខភាពរបស់ខ្លួនប្រឡងជ័យលាភី ទាក់ទងនឹងករណី នៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខណៈអង្គការនេះបានមើលឃើញប្រទេសកម្ពុជា ជាប្រទេសមួយដែលស្វិតស្វាញ និងសកម្មបំផុតក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ។
ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា អង្គការIOMបានជួយដល់ពលករខ្មែររងគ្រោះជាច្រើនពីសំណាក់មេខ្យល់ ដែលបានបោកពួកគេឲ្យទៅធ្វើការនៅក្រៅប្រទេស ហើយអង្គការអន្តរជាតិមួយនេះ ក៏បានចូលរួមយ៉ាងសកម្មបំផុតជាមួយប្រទេសកម្ពុជាផងដែរ ក្នុងកិច្ចការនេះដោយទទួលបានលទ្ធផលយ៉ាងច្រើនតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។
បើតាមលោកជំទាវរដ្ឋលេខាធិការ «អង្គការ IOM បានមើលឃើញកិច្ចប្រឹងប្រែងរបស់កម្ពុជាសកម្មក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយទទួលបានលទ្ធផលល្អ ហើយបានស្នើឲ្យកម្ពុជាដាក់ក្នុងបញ្ជីបេក្ខភាពក្នុងប្រទេសដែលទទួលបានជ័យលាភីនៅលើពិភពលោក ហើយករណីនេះហើយទាក់ទងនឹងការស្នើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានចុះហត្ថលេខារួចហើយដែរ ដើម្បីដាក់បេក្ខភាពនេះ ប៉ុន្តែយើងមិនទាន់ដឹងថានឹងត្រូវដាក់នៅពេលណានោះទេ»។
ទាក់ទងនឹងការងារនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ស្ថាប័ន រាជធានី-ខេត្ត បានបន្ដសកម្មភាពរបស់ខ្លួនទៅតាមទិសដៅដែលបានគ្រោងទុក ទោះបីមានបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ ។
លោកជំទាវ បានបន្ថែមថា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ភាគីពាក់ព័ន្ធត្រូវប្រកាន់គោលការណ៍សកម្មភាពមួយចំនួនដូចជា ៖ ការបង្ការទប់ស្កាតអំពើជួញដូរមនុស្ស, ជួយជនរងគ្រោះ និងការអនុវត្តច្បាប់ជាដើម។
លោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា ក្នុងដំណាក់កាលកម្ពុជាកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច ពលករអត់ការងារធ្វើ ដោយមានការបិទរោងចក្រជាដើម ហើយទីបំផុតមានពលករខ្មែរត្រឡប់មកវិញជាង១៣ម៉ឺននាក់ ។ ប៉ុន្ដែឱកាសនេះឯង ដែលជនជួញដូរមនុស្សគេឆ្លៀតឱកាសនេះ ដើម្បីយកផលចំណេញពីកម្មករ-កម្មការិនី ដែលអត់ការងារធ្វើ ដូច្នេះសមត្ថកិច្ចត្រូវមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាតការនាំមនុស្សចេញដោយខុសច្បាប់ ខណៈបញ្ហានេះនៅបន្តមាននៅឡើយនោះ ៕
មតិយោបល់