រាជធានីភ្នំពេញ ៖ នគរបាលរាជធានីភ្នំពេញអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបន្តបង្កើនចាត់វិធានការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តតាមអនុក្រឹត្យលេខ៣៩ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈគេមើលឃើញថា រយៈពេល០៣ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១១រហូតដល់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមនុស្សស្លាប់០១នាក់ និងរបួសធ្ងន់-ស្រាល២០នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់កើតឡើងសរុប១២លើក។
គ្រោះថ្នាក់ចរាចរណ៍នោះបើប្រៀបរយៈពេល០៣ថ្ងៃដូចគ្នាកាលពីឆ្នាំ២០២០ គឺកើតឡើង១២លើកស្មើគ្នា គឺស្លាប់មនុស្ស០១នាក់ស្មើគ្នា ប៉ុន្តែកើនអ្នករងរបួសធ្ងន់ស្រាល០៣នាក់ ដែលបញ្ហាបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ផ្តើមឡើងដោយបើកបរល្បឿនលឿន, បើកបរមិនគោរពសិទ្ធិ ,បើកបរមិនប្រកាន់ស្តាំ និងបើកបរមានការធ្វេសប្រហែស ។
ដោយឡែក ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះផងដែរ សេចក្តីរាយការណ៍ឱ្យដឹងថា នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងនៅពេលយប់នៅថ្ងៃបុណ្យនៃសេចក្តីស្រាលាញ់១៤ កុម្ភៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយ កម្លាំងការិយាល័យជំនាញចរាចរណ៍ និងកម្លាំងអន្តរាគមន៍ នៅគោលដៅផ្លូវព្រះស៊ីសុវត្ថិ រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ស្ថិតនៅសង្កាត់ចតុមុខ ។
ជាលទ្ធផលត្រួតពិនិត្យយានយន្តសរុប២៤៩គ្រឿង ក្នុងនោះរថយន្តចំនួន ១៥៣គ្រឿង និងម៉ូតូចំនួន៩៦ គ្រឿង។ រកឃើញ អ្នកបើកបរ ម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន៩៦ គ្រឿង។ អ្នកបើកបរម៉ូតូមានអត្រាជាតិអាល់កុលចាប់ពីចំនួន០,២៥ដល់0,៣៩ចំនួន ០១ នាក់ ។ អ្នកបើកបរ រថយន្តធុនតូចមិនពាក់ខ្សែក្រវាត់ ចំនួន 0២ គ្រឿង ។ អ្នកបើកបរ រថយន្តធុនតូចនិយាយទូរស័ព្ទ ចំនួន 0១ គ្រឿង។ អ្នកបើកយានយន្តល្មើសច្បាប់ចរាចរណ៍ទាំងនេះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងអនុវត្តតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរ នៅរាជធានីភ្នំពេញក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តវិធានការបង្ការ ទប់ស្កាត់ក្មេងទំនើង ដោយឃាត់ខ្លន ក្រុមក្មេងទំនើងចំនួន១២នាក់ បង្កហេតុចំនួន០៦ករណី ដកហូតកាំបិត០១ដើម, ដែកចុងស្រួច០១ដើម,ម៉ូតូ០៣គ្រឿង និងសម្ភារមួយចំនួន ។ ក្មេងទំនើងទាំងនេះបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែមិនបានប្រព្រឹត្តបទល្មើសនោះទេ កម្លាំងនគរបាលធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាប្រគល់ឱ្យអាណាព្យាបាលដើម្បីយកទៅអប់រំបន្ត ៕
មតិយោបល់