បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងអាវុធហត្ថស្រុកភ្នំព្រឹក និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក បានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។
ករណីនេះកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី នៅចំណុចមណ្ឌលចត្តាឡីស័ក កំរិត១ វិទ្យាល័យពេជ្រចិន្តា ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនោះសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ធឿន ចន្ថា ហៅ អានំបុ័ង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និង២.ឈ្មោះ សួន លន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធឿន ចន្ថា និងដោយបានការអនុញ្ញាតពី ឯកឧត្តម គឺ ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី នៅចំណុចក្រុមទី៦ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនគរបាលស្រុកកំរៀង បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀតឈ្មោះ ជុំ សុខនី ហៅ យាយ៩១ ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៤ថង់ ថ្នាំគ្រាប់រាងមូលសំប៉ែតមានអក្សរបរទេសសញ្ញា WY យ៉ាម៉ា ចំនួន៩គ្រាប់កន្លះ និងប្រាក់ខ្មែរចំនួន ៤០០,០០០រៀល (សែសិបម៉ឺនរឿល)។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់