ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះគណនីហ្វេសបុក សុំមិនបង្ហាញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ «ខ្ញុំសូមមិនបញ្ចេញឈ្មោះរស់នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សូមគោរពរាយការណ៍ជូនលោកស្នងការដោយក្តីគោរព!
នៅចំណុចផ្ទះ ប្តីឈ្មោះ កុយ ប្រពន្ធឈ្មោះវ៉ាត់ មានផ្ទះនៅផ្លូវក្រោយមានការលេងល្បែងស៊ីសងបៀរ អាប៉ោង រាល់ថ្ងៃមិនខ្វល់ពីបញ្ហាកូវីដ និងបង្កជាអំពើហិង្សារាល់ថ្ងៃពេលដែលប្តីមកពីធ្វើសំណង់វិញហើយប្រពន្ធនៅលេងបៀរ អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមលោកស្នងការមេត្តាជួយអន្តរាគមន៍ និងអប់រំដោយក្តីគោរពផង»។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងចុះស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ដាវ បានចុះស្រាវជ្រាវទីតាំងខាងលើ ពិតជាឃើញមានលេងល្បែងស៊ីសងខុសច្បាប់ប្រភេទ(បៀរស៊ីគូ) ហើយកម្លាំងប៉ុស្តិ៍ក៏ចុះបង្ក្រាបពេលចុះបង្ក្រាប អ្នកលេងទាំងនោះបានរត់គេចខ្លួនអស់ នៅសល់តែកូនម្ចាស់ផ្ទះឈ្មោះ ធី ស្រីណែត ភេទស្រី អាយុ១២ឆ្នាំ និងដកហូតវត្ថុតាងរួមមាន ៖ -បៀរចំនួន៥២សន្លឹក, -កំរាលក្រាលចំនួន០១, -កាតូ សម្រាប់ដាក់លុយចំនួន០១, -ប្រាក់រៀលចំនួន៣៥០០រៀល ។
បន្ទាប់មកសមត្ថកិច្ចបានកោះហៅម្ចាស់ឈ្មោះ ថេង ស៊ីណាត់ ហៅវ៉ាត ភេទស្រី អាយុ៣៨ឆ្នាំ មកបំភ្លឺ និងធ្វើកិច្ចសន្យាអប់រំ ណែនាំ មិនឲ្យផ្តល់ទីតាំង ឬលេងល្បែងស៊ីសងខុសច្បាប់ទៀតចាប់ពីថ្ងៃកិច្ចសន្យានេះតទៅ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕ សូមអរគុណ !
មតិយោបល់