រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ៧ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានដឹកនាំមន្រ្តីចូលរួមចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ការពារជំងឺ កូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅមន្ទីពេទ្យ ១៦ឧសភា ដែលមានទីតាំងស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសមានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន និងបានសម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះជាលើកទី១ និងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងប្រភេទនេះ ជាលើកទី២ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩។
ក្នុងនាមកងកម្លាំងនគរបាល នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក៏ដូចជាកងកម្លាំងនគរបាលទូទាំងប្រទេស សូមគោរព និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម នាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំអង្គភាព និងលោក-អ្នកគ្រូពេទ្យ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណ: និងបានអនុញ្ញាតឲ្យកងកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនាឱកាសនេះ។ យើងខ្ញុំនឹងនៅតែបន្តអនុវត្តវិធានការ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាក្នុងប្រតិបត្តិការបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិនិងប្រជាជន។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕
មតិយោបល់