ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៥០នាទី នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំបុកនឹងក្មេងប្រុសម្នាក់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ឌាយ (HYUNDAI) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5668 បើកបរដោយឈ្មោះ កៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង បានបុកជាមួយក្មេងប្រុស១នាក់ឈ្មោះ ឈុន ឌី ភេទប្រុស អាយុ ០៨ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបានបើកបរមកពីទិសខាងកើតទៅលិចដល់ចំណុចកើតហេតុខាងលើស្រាប់តែក្មេងប្រុសរងគ្រោះខាងលើបានរត់ឆ្លងផ្លូវធ្វើអោយរថយន្តចាប់ហ្វាំងមិនទាន់បុកពេញទំហឹងនិងបុកកិនលើក្មេងប្រុសខាងលើបណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង។
ករណីនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុរួច សមត្ថកិច្ចបានដកហូតរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរង់ចាំការចំណាត់ការតាមផ្លូវច្បាប់។ ចំណែកឯសាកសពក្មេងប្រុសរងគ្រោះ នគរបាលស្រុកបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ ៕
មតិយោបល់