ភាពតានតឹងនិងការប្រឈមដាក់គ្នាខាងសព្វាវុធរវាងអាមេរិកនិងកូរ៉េខាងជើង នៅមិន តាន់បានធូស្បើយទាំងស្រុងនៅឡើយទេដោយភាគីនីមួយៗនៅតែត្រៀមកម្លាំងទប់ទល់សត្រូវដដែលរហូតដល់ពេលនេះ ។
ប្រទេសចិន បានបង្ហាញនូវក្តីបារម្ភកាន់តែខ្លាំង ចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េនិង បានប្រឹងប្រែងស្វែងរកដំណោះស្រាយតាមការទូតជាមួយប្រទេសពាក់ព័ន្ធក្នុងជម្លោះនៅក្នុង ឧបទ្វីបកូរ៉េ មានប្រទេសជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
ចិនបានព្រមានថា បើភាគីណាមួយធ្វើសកម្មភាពជ្រុលហួសហេតុដែលរុញច្រានភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាងនេះ ភាគីនោះ ជាអ្នកទទួលខុសត្រូវចំ ពោះលទ្ធផលអាក្រក់ដោយខ្លួនឯង ។
នៅពេលនេះ កូរ៉េខាងជើងកំពុងត្រៀមខ្លួននៅឡើយក្នុងការវាយប្រហារទៅលើកូរ៉េខាង ត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បើសិនជាប្រទេសទាំង៣នេះ ឫសហរដ្ឋអាមេរិកវាយប្រហារ លើកូរ៉េខាងជើងនៅពេលណាមួយ ។
ជប៉ុនបានប្រកាសរួមកិច្ចសហប្រតិបត្តិការខាងយោធាជាមួយសហរដ្ឋអាមេរិកអោយកា ន់តែខ្លាំងថែមទៀត ដើម្បីទប់ស្កាត់ឫវាយបកទៅលើកូរ៉េខាងជើងវិញ ក្នុងករណីប្រទេសនេះ វាយប្រហារលើប្រទេសជប៉ុន ។
កូរ៉េខាងត្បូង ក៏មិនចាញ់ជប៉ុននិងអាមេរិកដែរ គឺប្រទេសនេះបានត្រៀមរួចរាល់ហើយ ដែរ ក្នុងការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង បើសិនជាកូរ៉េខាងជើងវាយប្រហារទៅលើខ្លួនដោ យប្រការណាមួយនៅពេលខាងមុខ ។
ចំណែកនៅសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំ ជាមួយសមាជិកព្រឹទ្ធសភាទាំង១០០រូប ដោយមានការចូលរួមពីអ្នកដឹកនាំជំនិតលោក ត្រាំ ទាំង៤រូបផងដែរ ។
នៅក្នុងពេលដែលវិបត្តិនៅឧបទ្វីបកូរ៉េកំពុងតែស្ថិតក្នុងសភាពតានតឹងខ្លាំងលោកដូណាល់ ត្រាំបានអញ្ជើញសមាជិកព្រឹទ្ធសភាទាំង១០០រូបឲ្យមកកាន់សេតវិមានកាលពីថ្ងៃពុធទី២៦ខែមេសានេះ ហើយខ្លឹមសារនៃកិច្ចប្រជុំនេះត្រូវបានសេតវិមានកំណត់ជាការណ៍សម្ងាត់ដោយគ្រាន់តែបញ្ជាក់ថាលោកដូណាល់ត្រាំរួមជាមួយនឹងមន្ត្រីសន្តិសុខជាតិរបស់លោកចង់រាយការណ៍ប្រាប់សមាជិកព្រឹទ្ធសភាអំពីព័ត៌មានថ្មីៗចុងក្រោយទាក់ទងនឹងវិបត្តិកូរ៉េខាងជើង។
នៅក្នុងរបបនយោបាយអាមេរិក ទំនាក់ទំនងរវាងសេតវិមាន និងសភា គឺជារឿងធម្មតាហើយជារឿយៗគេតែងតែឃើញមន្ត្រីសេតវិមាន ឬក៏ប្រធានាធិបតីធ្វើដំណើរទៅកាន់វិមានកាពីតូល ដើម្បីជួបជជែកជាមួយសមាជិកសភា។ក៏ប៉ុន្តែការអញ្ជើញសមាជិកព្រឹទ្ធសភាទាំង១០០រូបឲ្យទៅប្រជុំនៅសេតវិមានគឺជារឿងដ៏កម្រមួយ ហើយកាន់តែកម្រទៅទៀត ដែលនៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់មន្ត្រីកំពូលៗទទួលបន្ទុកខាងផ្នែកសន្តិសុខជាតិ។
ខ្លឹមសារនៃកិច្ចប្រជុំនេះត្រូវបានគេកំណត់ថាជាការណ៍សម្ងាត់ ក៏ប៉ុន្តែសេតវិមានបានឲ្យដឹងថាលោកដូណាល់ត្រាំនឹងត្រូវអមដោយមន្ត្រីសន្តិសុខជាតិទាំង ៤រូបគឺរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ នាយសេនាធិការចម្រុះកងទ័ពនិងនាយកទីភ្នាក់ងារចារកិច្ច។ អ្នកនាំពាក្យសេតវិមានបានលើកឡើងថាការអញ្ជើញសមាជិកព្រឹទ្ធសភាទាំងមូលឲ្យទៅកាន់សេតវិមានបែបនេះគឺជាសារនយោបាយដ៏សំខាន់មួយដើម្បីជាការគូសបញ្ជាក់អំពីអាទិភាពរបស់លោកដូណាល់ត្រាំចំពោះសំណុំរឿងកូរ៉េខាងជើង។
ជាការពិតបើមើលទៅលើសកម្មភាពរបស់លោកដូណាល់ត្រាំនៅក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេអាចសង្កេតឃើញថាវិបត្តិកូរ៉េខាងជើងនេះគឺពិតជាសំណុំរឿងអាទិភាពពិតមែន។ក្រៅពីបានជជែកគ្នាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីចិននិងជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកដូណាល់ត្រាំថែមទាំងបានអញ្ជើញតំណាងប្រទេសទាំង ១៥ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ឲ្យទៅកាន់សេតវិមាន កាលពីដើមសប្តាហ៍ដោយនៅក្នុងកិច្ចប្រជុំនេះលោកប្រធានាធិបតីអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខឲ្យបង្កើនទណ្ឌកម្មឲ្យកាន់តែធ្ងន់ធ្ងរទៅលើកូរ៉េខាងជើង។
គួរបញ្ជាក់ថា នៅក្នុងចំណោមសមាជិកព្រឹទ្ធសភាអាមេរិក គឺឃើញមានចរន្តពីរគឺក្រុមអ្នកប្រកាន់តឹងដែលទាមទារឲ្យអាមេរិកឆ្លើយតបដោយកម្លាំងទ័ពប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរសាជាថ្មី។ចំណែកឯមួយក្រុមទៀត បង្ហាញនូវក្តីព្រួយបារម្ភខ្លាចការប្រើពាក្យសម្តីនិងសកម្មភាពសំញែងសាច់ដុំខាងយោធារបស់លោកដូណាល់ត្រាំអាចនឹងរាលដាលទៅជាសង្គ្រាម។
ទោះជាយ៉ាងណា សមាជិកព្រឹទ្ធសភា ទោះជានៅក្នុងចរន្តណាមួយក៏ដោយសុទ្ធតែបានបង្ហាញនូវការសប្បាយចិត្ត ដែលលោកដូណាល់ត្រាំជួបប្រជុំដើម្បីរាយការណ៍ដល់ព្រឹទ្ធសភា ជុំវិញវិបត្តិកូរ៉េខាងជើងនេះ ៕
មតិយោបល់