កំពង់ស្ពឺ៖ ដោយអនុវត្តន៍តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្ត បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំង៣ប្រភេទ ចុះតាមព្រំប្រទល់ ដែលជាប់ជាមួយខេត្តកំពង់ស្ពឺ។
យោងតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយពីមានបទបញ្ជាពីអភិបាលខេត្ត កម្លាំងសមត្ថកិច្ចនគរបាលបានដាក់គោលដៅត្រួតពិនិត្យការចេញចូលរបស់ប្រជាពលរដ្ឋនៅតាមព្រំប្រទល់ នៅជុំវិញខេត្ត ដោយហាមឃាត់ការធ្វើដំណើរ ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃចាប់ម៉ោង០០ ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
គូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចស្តីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលមានចំនួន៦ប្រការរួមមាន៖
ប្រការ១ ..
ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ដោយឡែកភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ។
ការហាមឃាត់ការធ្វើដំណើរខាងលើ ត្រូវបានលើកលែងចំពោះ៖
– ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
– ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
– ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយ រួមទាំងការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
– រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
– រថយន្តពន្លត់អគ្គីភ័យ
– រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
– ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួល បាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤ (បួន)នាក់ សម្រាប់ករណីនីមួយៗ និង
– ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រការ២..
បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោល បំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩។
ប្រការ៣..
គណៈអភិបាលរាជធានី ខេត្ត ត្រូវបានប្រគល់ភារកិច្ចក្នុងការធានាការអនុវត្តវិធានការខាងលើឱ្យមានប្រសិទ្ធភាព។ គណៈអភិបាលរាជធានី ខេត្ត ត្រូវបានប្រគល់សមត្ថកិច្ចក្នុងការសម្រេចដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬ ហាមឃាត់ការធ្វើដំណើរ អនុលោមតាមគោលការណ៍ដូចមានចែងក្នុងប្រការ១ ខាងលើ និងបទ ប្បញ្ញត្តិពាក់ព័ន្ធជាធរមាន សម្រាប់ភូមិសាស្ត្រក្រុង ស្រុក ខណ្ឌ ឬឃុំ សង្កាត់ ឬភូមិ ឬទីកន្លែងណាមួយនៅ ក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬក្នុងគោលបំណងទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងរយៈពេលពីរសប្តាហ៍នេះដែរ គណៈអភិបាលរាជធានី ខេត្ត ត្រូវចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការនិងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវដ-១៩ ដោយម៉ត់ចត់និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានជាធរមានទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍និងការដឹកជញ្ជូនមនុស្ស និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេស នៅតាមវត្តអារាម វិហាសាសនា និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរនិងមានមនុស្សជួបជុំគ្នាក្នុង ចំនួនច្រើន។
គណៈអភិបាលរាជធានី ខេត្ត មានសិទ្ធិបង្កើតយន្តការចាំបាច់នានា ដើម្បីតាមដាន ត្រួតពិនិត្យ និង អនុវត្តវិធានការទាំងឡាយខាងលើក្រោមសមត្ថកិច្ចរបស់ខ្លួន។
ប្រការ៤ ..
រាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិធានការរដ្ឋបាលនានា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលមានមុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
ប្រការ៥..
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៦ ..
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
មតិយោបល់