រាជធានីភ្នំពេញ ៖ រយៈពេល៧ថ្ងៃនៃការអនុវត្តវិធានការក្តៅបិទបំរាមគោចរសមត្ថកិច្ចឃាត់ទុកយានយន្តសរុបបានចំនួន១៧៨គ្រឿង ដែលក្នុងនោះម៉ូតូចំនួន១៤៦គ្រឿងនិងរថយន្ត៣២គ្រឿងដែលបន្តធ្វើដំណើរល្មើសបំរាមរីឯអ្នកបើកបរទាំងអស់តំរូវអោយធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួន នេះតាមការអោយដឹងពីអាជ្ញាធរមានសមត្ថកិច្ច ។
សូមបញ្ជាក់ថា រដ្ឋបាលរាជរាជធានីភ្នំពេញ ប្រកាសអនុវត្តសេចក្តីសម្រេចស្តីពីវិធានការរដ្ឋបាលជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រៀងរាល់វេលាម៉ោង៨យប់រហូតដល់ម៉ោង៥ទាបភ្លឺ ត្រូវបានដាក់ចេញនូវបំរាមគោចរ រឹតត្បិតចំពោះសកម្មភាពរបរអាជីវកម្ម ,រិតត្បិតចំពោះការជួបជុំគ្នា ការទទួលទានអាហារ ភេសជ្ជៈរឺគ្រឿងស្រវឹងនិងផ្អាកបណ្តោះអាសន្នការធ្វើដំណើរចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដែលគ្មានការចាំបាច់រឺគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ។
ការអនុវត្តបំរាមគោចរនេះត្រូវគេមើលឃើញថាកម្លាំងនគរបាលរាជធានីភ្នំពេញជាកម្លាំងស្នូលសកម្មសហការជាមួយកម្លាំងពាក់ព័ន្ធនៃការចូលរួមអនុវត្តន៍ ដោយបានប្រើប្រាស់កម្លាំងសរុបវិធានការសរុប មធ្យោបាយសរុប ក្នុងការចុះអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ដែលមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានប្រើប្រាស់កម្លាំងចល័ត កម្លាំងឈរជើងតាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរាជនីភ្នំពេញ ដើម្បីរាំងខ្ទប់ចំពោះបុគ្គលរឺនីតិបុគ្គល ដែលល្មើសនឹងបំរាមគោចរ ក្នុងការយកទៅអនុវត្តតាមនីតិវីច្បាប់ ។
ជាងនេះថែមទៀតបើតាមការសង្កេតឃើញពីសកម្មភាពនៃការអនុវត្តន៍បំរាមគោចរ ក្នុងរយៈពេល០៧ថ្ងៃចុងក្រោយនេះ គេឃើញស្ថានភាពទូទៅនៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់។ជាពិសេសចំនួនបទល្មើសនៃអ្នកធ្វើដំណើរចរាចរណ៍ល្មើសបម្រាមគោចរបានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាសញ្ញាឱ្យឃើញថាប្រជាពលរដ្ឋនាំគ្នាចូលរួមគោរពច្បាប់នៃវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នេះ។
ជាក់ស្តែងនៅយប់ទី២ នៃការចាប់ផ្តើមអនុវត្តវិធានការដ្ឋបាលក្តៅមិនយោគយល់គឺអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់យានយន្តសរុប៧៣គ្រឿង ,នៅយប់ទី៣ ចាប់ឃាត់យាយយន្តសរុប៨២គ្រឿង,នៅយប់ទី៤ ចាប់ឃាត់យានយន្តសរុប១០គ្រឿង ចំណែកនៅយប់ទី៥ ចាប់ឃាត់យានយន្ត០៩គ្រឿងនៅយប់ទី៦ឃាត់បាន២គ្រឿងនិងយប់ទី៧ឃាត់បាន២គ្រឿង ៕
មតិយោបល់