ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការបន្តគាំទ្រ និងកោតសរសើរ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុនាពេលកន្លងមក ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយរួមមាន ទឹកក្រូចចំនួន ២០០កេស ទឹកបរិសុទ្ធចំនួន ១០០កេស និងថវិកាចំនួន ២០លានរៀល ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តផងដែរ ៕
មតិយោបល់