កណ្តល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍សុំអន្តរាគមន៍ ក្នុងប្រអប់សារគណនីហ្វេសបុកផ្លូវការលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថា «លោកពូលូវឈ្មោះ វង់ ភា បានយកកាំបិតមករកកាប់ម្តាយខ្ញុំនៅម៉ោង៧:៥០នាទី។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកអធិការ និងក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះពិនិត្យករណីខាងលើជាបន្ទាន់។ បន្ទាប់មកលោកអធិការ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ចុះស្រាវជ្រាវបង្រ្កាបករណីខាងលើទទួលបានលទ្ធផល ដូចខាងក្រោម៖ ករណី: គំរាមកំហែងថានឹងសម្លាប់៖ កើតហេតុ: ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧:៣០នាទី នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ចំពោះជនរងគ្រោះ ចំនួន ០២នាក់: ១. ឈ្មោះ គង់ ដន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ២. ឈ្មោះ ជួន ស្រីរ៉ែន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទាំងពីរនាក់មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ឃាត់ខ្លួនសង្ស័យម្នាក់ មានឈ្មោះ វង់ ភា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក:១. កាំបិតចិតបន្លែ ចំនួន០១ ផ្លែដែក ដងឈើ មានប្រវែង២៨ស.ម (ផ្លែដែកមានទំហំ៥ស.ម x ១៦ស.ម)។ ២. ដំបងឬស្សី ចំនួន០១ដើម មានប្រវែង ១.៤២ម៉ែត្រ។ ផលប៉ះពាល់: បណ្ដាលអោយជនរងគ្រោះទាំងពីរមានការភិតភ័យ។
ករណីនេះ ជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕
មតិយោបល់