បន្ទាយមានជ័យ ៖ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌរួច គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ បានសំរុកឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនបញ្ជូនមកខ្មែរវិញជាបន្តបន្ទាប់ដែលទាំងនេះ ក៏ដោយសារតែកត្តាចាញ់បោកការឃោសនាអូសទាញរបស់មេខ្សល់ ។ មួយវិញទៀតខាងសមត្ថិច្ចកម្ពុជា ក៏មានវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋ នេះផងដែរ តែទោះជាយ៉ាងណាក៏នូវមានការឆកល្វែងផងដែរ ជាមួយគ្នានោះ សមត្ថកិច្ចកម្ពុជាក៏បានទប់ស្កាត់ប្រជាពលរដ្ឋខ្លួននិងបានធ្វើការអប់រំណែនាំរួចឲ្យគាត់វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។
ទន្ទឹមនោះដែរគេក៏សង្កេតឃើញប្រជាជនថៃ ក៏មានបំណងលួចឆ្លងដែនមកធ្វើការនៅកម្ពុជា ហើយក៏ត្រូវថៃ ក៏ដូចជាសមត្ថកិច្ចកម្ពុជាបានទប់ស្កាត់ ការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាលនៃប្រទេសទាំង០២កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក លេខ៨១៥ បានឲ្យដឹងថា នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនដោយខុសច្បាប់ បន្ទាប់ក៏បានផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចថៃដើម្បីសហការជួយទប់ស្កាត់ ។ លុះនៅវេលាម៉ោង០៤និង១០នាទីរសៀលនាថ្ងៃដដែល ទាហានឈុតខ្មៅថៃ អនុសេនាធំលេខ១៣.០២ បានទប់ស្កាត់ឃាត់បានប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន២០នាក់ នៅចំណុចភូមិប៉ាយខៀវ ឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ។ បន្ទាប់មកប្រជាពលរដ្ឋទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យតម្រួតនៃអធិការដ្ឋានក្លងណាំសៃ ស្រុអារញ្ញា ដើម្បីមានវិធានការបន្ត ។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា៖បើតាមការសាកសួរទៅសមត្ថកិច្ចថៃ ចំពោះប្រជាពលរដ្ឋខ្មែរទាំង២០នាក់នោះ ត្រូវបានបញ្ជូនមកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅវិញហើយ៕
មតិយោបល់