ពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរម៉កបណ្ដាលឲ្យមនុស្ស០១នាក់រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ស្ថិតនៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨និង៤០នាទី ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ស ស្លាកលេខ ភ្នំពេញ 3F-2824 សណ្ដោងធុងស៊ីម៉ង់ ស្លាកលេខ ភ្នំពេញ 4A-7133 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូសណ្ដោងរម៉ក០១គ្រឿង ម៉ាកសាន់យ៉ាន់ម៉ាសុីន១៥០ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1L-3842 បើកបរដោយឈ្មោះ លន់ ឡាប ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( រងរបួសធ្ងន់ ) បើកបរពីលិចទៅកើតក្នុងទិសដៅច្រាសគ្នា ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ លោកអធិការបានបន្ត ទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន រថយន្តនិងម៉ូតូសណ្ដោងរម៉ក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅជំនាញចរាចរណ៍ខេត្តរង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់