ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារក្នុងប្រអប់សារ (page) ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថា៖ បាទជំរាបសួរ ឯកឧត្តមស្នងការនគរបាលខេត្តកណ្តាល ខ្ញុំបាទសូមរាយការណ៍ចំពោះករណីលេងល្បែងស៊ីសងពីរបីវង់រាល់ថ្ងៃប្រមូលផ្តុំគ្នា ដែលអាចបង្កជាអំពើហិង្សាការលួចប្លន់ មិនមើលថែកូនចៅតូចៗនៅក្នុងភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅផ្ទះទល់មុខស្នាក់ការភូមិ សូមឯកឧត្តម និងមន្ត្រីពាក់ព័ន្ធជួយចុះអប់រំណែនាំពួកគាត់។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប ចុះពិនិត្យករណីខាងលើ។
ជាលទ្ធផល ៖ ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប រួមសហការជាមួយអាជ្ញាធរភូមិ-ឃុំ បានចុះទៅដល់ទីតាំងខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ឹម ស៊ុន ភេទស្រី អាយុ៨៧ឆ្នាំ រស់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពិនិត្យឃើញថា ពិតជាមានការលេងល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន(ស៊ីគូថៃ)។
*ចំណាត់ការ: លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឱ្យម្ចាស់ផ្ទះខាងលើបញ្ឈប់ការផ្តល់ទីតាំង និងលេងល្បែងស៊ីសងខុសច្បាប់នេះជាបន្តទៀត បើមិនគោរពតាមកិច្ចសន្យា នៅតែបន្តលេងល្បែងស៊ីសងខុសច្បាប់នេះទៀត សមត្ថកិច្ចនឹងធ្វើការបង្ក្រាប ចាត់វិធានការតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់