ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រចាំឆ្នាំ២០២១និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទី និងតំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយមានវត្តមានចូលរួមរបស់លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលក្រុងពោធិ៍សាត់ លោកនាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លោកស្រីអធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧សង្កាត់ និងនាយផ្នែក
ជំនាញជាច្រើនទៀត។
ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ទោ សុខ មេសា អធិការរងនគរបាលក្រុងពោធិ៍សាត់ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗបានលើកឡើងចំណុចខ្លាំងនិងចំណុចខ្សោយ ជូនគណ:អធិបតីជ្រាបនិងជួយដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួន។
ទន្ទឹមនេះដែរ លោកវរសេនីយ៍ទោ ប្រាក់ ហ៊ូ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលក៏បានអាននូវសេចក្តីណែនាំពីគោលការវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាលជូនដល់អង្គប្រជុំផងដែរ ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យកាន់តែយល់ច្បាស់សម្រាប់យកទៅអនុវត្តការងារភូមិឃុំមានសុវត្ថិភាព និងការប្រឡងប្រណាំងនគរបាលនិងសហគមន៍ដើម្បីទទួលបាននូវចំណាត់ថ្នាក់ល្អក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២ខាងមុខ។
ចុងបញ្ចប់នៃកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទី បានមានប្រសាសន៍បូកសរុបវាយតម្លៃចំពោះលទ្ធផលការងារប្រចាំឆ្នាំរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទទួលបានលទ្ធផលល្អ និងបានកោតសរសើរចំពោះកងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជាពិសេសកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនបានល្អនាពេលកន្លងមក។ ហើយលោកស្នងការស្តីទីក៏បានពាំនាំនូវប្រសាសន៍ណែនាំរបស់លោកស្នងការ និងអនុសាសន៍ផ្ទាល់របស់លោកស្នងស្តីទីថា សូមឲ្យកងកម្លាំងយើងទាំងអស់កុំពាក់ព័ន្ធនឹងផលប្រយោជន៍បទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន និងនៅតែពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ ការសាមគ្គីភាពផ្ទៃក្នុងឲ្យខ្ជាប់ខ្ជួន និងបន្តអនុវត្តការងារបម្រើសេវាសាធារណ: ការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងផែនការការពារការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នាពេលខាងមុខឲ្យបានល្អប្រសើរ។ ហើយជាពិសេសលើការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការងារប្រឡងប្រណាំងការងារនគរបាលនិងសហគមន៍ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ និងត្រូវបើកទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាល២៤/៧ ដើម្បីបម្រើសេវាសាធារណ:និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមានការទទួលខុសត្រូវនិងកំណត់ត្រាឲ្យច្បាស់លាស់ សម្រាប់ទិសដៅផែនការអនុវត្តការងារបន្ត ៕
មតិយោបល់