ជាទូទៅនៅពេលអ្នកត្រូវការជ្រើសរើស ឬចង់ទិញកុំព្យូទ័រយួរដៃ (Laptop) យកមកប្រើប្រាស់ អ្នកតែងគិតពីរូបរាង ចំណង់ចំណូលចិត្ត តម្រូវការ និងតម្លៃ។ យ៉ាងណាក្ដីចំណុចទាំងនេះ អាចនឹងមិនគ្រប់គ្រាន់នៅឡើយទេ។ ខាងក្រោមនេះ ជា៥វិធីដើម្បីជ្រើសរើស Laptop ឲ្យត្រូវតាមតម្រូវការរបស់អ្នក៖
១. ត្រូវយល់ពីកម្រិតប្រើប្រាស់របស់អ្នក៖
បើនកប្រើប្រាស់លក្ខណៈធ្វើការក្នុងការិយាល័យ ដោយគ្រាន់តែប្រើប្រាស់កម្មវិធី Word, Excel ឬ Powerpoint ទេ អ្នកគួរជ្រើសរើស Keyboard ណា ដែលងាយស្រួលវាយអក្សរ និងត្រូវការអេក្រង់ល្មមៗ។ ប៉ុន្តែបើអ្នកប្រើប្រាស់កម្មវិធីឌីហ្សាញខាងក្រាហ្វិក វីដេអូ ឬខាងវិស្វករ អ្នកគួរជ្រើសរើសម៉ាស៊ីនធំ, Specs ធំ និងអេក្រង់ធំ High Resolution (Full HD)។
២. ទំហំ Laptop និងម៉ូដ៖
សម្រាប់ពួកអ្នកលេងហ្គេម (Gamers) ពួកគេត្រូវការបែបសាមញ្ញតែម៉ាស៊ីនធំ។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ទូទៅ តែងតែចង់បានម៉ូដប្លែកថ្មីស្អាតៗ ជាមួយនឹងកម្រាស់ស្ដើង ងាយស្រួលកាន់តាមខ្លួន។ Laptop ទម្ងន់ចន្លោះពី ១,៥-២ គីឡូក្រាម និងទំហំពី ១១-១៥ អ៊ីញ គឺពេញនិយមបំផុតលើទីផ្សារបច្ចុប្បន្ន។
៣. ការធានារ៉ាប់រង៖
អ្នកគួរទិញ Laptop ពីក្រុមហ៊ុនណាដែលមានការធានាដល់២ឆ្នាំ ជាជាង១ឆ្នាំ។ ជាពិសេស គួរទិញពីក្រុមហ៊ុនណាដែលមានសេវាកម្មធានានៅក្បែរផ្ទះរបស់អ្នក បំផុត ដើម្បីងាយស្រួល ក្នុងករណី Laptop របស់អ្នកមានបញ្ហា។
៤. កិត្តិសព្ទរបស់យីហោក្រុមហ៊ុន៖
លើទីផ្សារបច្ចុប្បន្ន កុំព្យូទ័រមានក្រុមហ៊ុនជាច្រើន ដែលមានយីហោល្បីៗដូចជា Dell, HP, Acer, Asus និងយីហោជាច្រើនទៀត។ ប៉ុន្តែអ្នកត្រូវតែស្វែងយល់ជាមុនថា តើក្រុមហ៊ុនមួយណាមានយីហោល្បីជាង ផលិតផលមានគុណភាពជាង និងមានការធានាត្រឹមត្រូវមែន? មុននឹងអ្នកសម្រេចចិត្តទិញយកមកប្រើប្រាស់។
៥. ពិចារណាតម្លៃ៖
ជាធម្មតាអ្នកប្រើប្រាស់គ្រប់រូប តែងចង់បានកុំព្យូទ័រដែលមានគុណភាពខ្ពស់ សមត្ថភាពខ្ពស់ Specs ធំ ប៉ុន្តែតម្លៃរបស់វាក៏ថ្លៃទៅតាមនោះដែរ។ ដូច្នេះចំណុចល្អបំផុត អ្នកគួរស្វែងយល់ពីតម្រូវការប្រើប្រាស់របស់អ្នកឲ្យបានច្បាស់ និងស្វែងយល់ពីសមត្ថភាព Laptop ព្រមទាំងយីហោ រួចទិញមួយណាដែលត្រូវតាមតម្រូវការរបស់អ្នក ដោយពុំចាំបាច់ទិញ Laptop ណា ដែល Specs ធំពេកលើសតម្រូវការរបស់អ្នក នាំតែខាតលុយនោះទេ៕
មតិយោបល់