AirAsia ថ្ងៃនេះបានប្រកាសផ្ដល់ជូនការធ្វើដំណើរឥតគិតថ្លៃដល់ម្ចាស់មេដាយកីឡាប៉ារ៉ាឡាំពិកសម្រាប់អត្តពលិកអាស៊ាននៅក្នុងកម្មវិធីសមោសរនៅមជ្ឈមណ្ឌល Asian Aviation Centre of Excellence (AACE)។
អត្តពលិកដែលឈ្នះមេដាយមាសទទួលបានការធ្វើដំណើរឥតគិតថ្លៃពេញមួយជីវិត ខណៈអ្នកដែលឈ្នះមេដាយប្រាក់ និងសំរឹទ្ធទទួលបានការធ្វើដំណើរឥតគិតថ្លៃរយៈពេល៥ឆ្នាំ និង៣ឆ្នាំតាមលំដាប់។
ម្ចាស់មេដាយទាំងអស់ត្រូវបានផ្តល់ជូនកាត AirAsia BIG មាស ប្រាក់ និង សំរឹទ្ធ ដែលអាចឱ្យពួកគាត់ធ្វើដំណើរទៅទិសដៅជាង ១២០ នៅក្នុងបណ្ដាញហោះហើរដ៏ធំទូលាយរបស់ AirAsia និង AirAsia X ក្នុងតំបន់អាស៊ី អូស្ត្រាលី មជ្ឈិមបូព៌ា និងអាហ្វ្រិក។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក Tony Fernandes នាយកប្រតិបត្តិ AirAsia Group លោក Datuk Kamarudin Meranun នាយកប្រតិបត្តិ AirAsia X លោកស្រី Aireen Omar នាយកប្រតិបត្តិ AirAsia Berhad និងលោក Logan Velaitham នាយកប្រតិបត្តិ AirAsia Singapore ព្រមទាំងមន្ត្រីរាជការ និងមន្រ្តីផ្នែកកីឡាមកពីតំបន់អាស៊ានជាច្រើនរូបផងដែរ។
លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បានឱ្យដឹងថា៖ “ជាថ្មីម្តងទៀត អត្តពលិកអាស៊ានបានធ្វើឱ្យតំបន់នេះទាំងមូលមានមោទនភាពដោយការបង្ហាញឱ្យឃើញថា យើងអាចក្លាយជាគូប្រជែងដ៏ស្វិតស្វាញមួយនៅលើឆាកពិភពលោក ហើយនេះគឺជាភាពរីករាយរបស់ខ្ញុំក្នុងការផ្ដល់ជូនកីឡាករ កីឡាការិនីទាំងអស់នូវការធ្វើដំណើរឥតគិតថ្លៃឆ្លើយតបទៅនឹងសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ។
អត្តពលិកប៉ារ៉ាបានបញ្ជាក់ឱ្យយើងឃើញថា គ្មានទេដែនកំណត់សម្រាប់មនុស្សជាតិ គ្មានទេឧបសគ្គដែលអាចរារាំងយើងពីការឈោងចាប់ក្តីសុបិននៅពេលដែលយើងមានការយកចិត្តទុកដាក់ ការតាំងចិត្ត និងការព្យាយាមឱ្យអស់ពីសមត្ថភាព។ ពួកគេគឺជាក្រុមអ្នកជំរុញទឹកចិត្តនៅក្នុងតំបន់ និងនៅលើពិភពលោក។
លោកស្រី Aireen Omar ថ្លែងថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះការប្រកួតដ៏ជក់ចិត្តរបស់ម៉ាឡេស៊ី។ Mohamad Ridzuan Mohamad Puzi បានឈ្នះមេដាយមាសដំបូងក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក Muhammad Ziyad Zolkefli ដោយបានបំបែកកំណត់ត្រាពិភពលោក ដើម្បីរក្សាចំណាត់ថ្នាក់ទី២ ហើយ Abdul Latif Romly បានបំបែកកំណត់ត្រាពិភពលោកចំនួន៣លើកសម្រាប់ចំណាត់ថ្នាក់ទី៣។ ពួកគេបានលើកទង់សម្រាប់អត្តពលិក និងអត្តពលិកប៉ារ៉ានៅទីក្រុងតូក្យូឆ្នាំ២០២០”។
លោក Tassapon Bijleveld នាយកប្រតិបត្តិ AirAsia Thailand បានឱ្យដឹងថា៖ “អត្តពលិកប៉ារ៉ារបស់ប្រទេសថៃបានប្រកួតយ៉ាងស្វិតស្វាញនៅទីក្រុងរីយ៉ូ ដោយទទួលបានមេដាយច្រើនជាងប្រទេសនានានៅក្នុងតំបន់អាស៊ាន។ សូមកោតសរសើរចំពោះពួកគេ ជាពិសេសអត្តពលិក និងក្រុម boccia។ ក្នុងនាមជាសាខា AirAsia ដែលជិតដិតនឹងតំបន់ឥណ្ឌូចិន ខ្ញុំក៏សូមយកឱកាសនេះអបអរសាទរដល់ Le Van Cong ដែលបានឈ្នះមេដាយមាសដំបូងពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកសម្រាប់ប្រទេសវៀតណាម ហើយថែមទាំងបំបែកកំណត់ត្រាពិភពលោកផ្នែកកីឡាលើកទម្ងន់ថែមទៀតផង”។
លោក Dendy Kurniawan នាយកប្រតិបត្តិ AirAsia Indonesia ថ្លែងថា៖ “មេដាយដែល Ni Nengah Widiasih ឈ្នះ បង្ហាញថាតើអត្តពលិកប៉ារ៉ាឥណ្ឌូណេស៊ីបានរីកចម្រើនដល់កម្រិតណាហើយសម្រាប់ឆ្នាំកន្លងទៅនេះ។ នៅទីក្រុងឡុងដុងកាលពីឆ្នាំ២០១២ យើងបានឈ្នះមេដាសដំបូងក្នុងរយៈពេល២ទសវត្សចុងក្រោយ ហើយឆ្នាំនេះយើងឈ្នះបានមេដាយបន្ថែមទៀត”។
លោក Captain Dexter Comendador នាយកប្រតិបត្តិ AirAsia Philippines បានឱ្យដឹងថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះ Paddler Josephine Medina ដែលបានបញ្ចប់ប្រវត្តិមិនដែលឈ្នះមេដាយរយៈពេល ១៦ ឆ្នាំរបស់ហ្វីលីពីនក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដោយតាមស្មើសមិទ្ធផលរបស់ Hidilyn Diaz មុននេះមួយខែ។ វាគឺជាការប្រកួតប្រជែងដ៏ល្អសម្រាប់ហ្វីលីពីន ហើយខ្ញុំជឿជាក់ថាវាគ្រាន់តែជាចំណាប់ផ្ដើមនៃភាពជោគជ័យតែប៉ុណ្ណោះ”។
AirAsia គឺជាក្រុមហ៊ុនដឹកអ្នកដំណើរតម្លៃទាបធំជាងគេបំផុតនៅអាស៊ីដោយគិតលើចំនួនអ្នកដំណើរដែលខ្លួនបានដឹក និងចំនួនយន្តហោះដែលខ្លួនមានជាមួយនឹងចំនួនទិសដៅធ្វើដំណើរច្រើនជាង ១២០ កន្លែងនៅក្នុងតំបន់អាស៊ី អូស្រ្តាលី និងញូវហ្សឺឡែន មជ្ឈិមបូព៌ា និងអាហ្វ្រិក។ AirAsia ក៏ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ផងដែរដែលធ្វើការហោះហើរទៅកាន់បណ្តាប្រទេសក្នុងអាស៊ានទាំង១០ រួមទាំងផ្លូវហោះហើរពិសេសជាង ៦០ ថែមទៀតនៅក្នុងតំបន់។
AirAsia ត្រូវបានចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតរបស់ពិភពលោករយៈពេល ៨ ឆ្នាំជាប់ៗគ្នាហើយ AirAsia X បានឈ្នះពានរង្វាន់កៅអី និងកន្លែងអង្គុយតម្លៃទាបល្អជាងគេបំផុតរបស់ពិភពលោករយៈពេល៤ឆ្នាំជាប់គ្នានៅក្នុងកម្មវិធីពានរង្វាន់អាកាសចរណ៍ពិភពលោក Skytrax នៅ Farnborough ចក្រភពអង់គ្លេស។
មតិយោបល់