កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាល ប្រជុំស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ មានរៀបចំប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីវិធានការបង្ការ ទប់ស្កាត់ ការធ្វើបាតុកម្មប្រឆាំងនឹងចំណាត់ការរបស់តុលាការ រឿងក្ដីប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៌ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមាន ការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង តំណាងកងរាជអាវុធហត្ថខេត្ត លោកនាយរងផែន លោកនាយការិយាល័យ និងលោកអធិការក្រុង-ស្រុកទាំង៨ សរុប ៥៤នាក់។
បន្ទាប់មកពីផែនការលេខៈ ០៥៩ ផ.ក រួច លោក ឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ នៅក្នុងអង្គប្រជុំថា សូមអោយកងកម្លាំងនគរបាល និងកងរាជអាវុធហត្ដខេត្ដត្រូវចូលរួមសហការគ្នាគ្រប់បណ្ដាអង្គភាពការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក ទាំងអស់ ដើម្បីត្រៀម កម្លាំងការពារ ទប់ស្កាត់ រាល់សកម្មភាព បង្កការញុះញង់ បំផុសបំផុល គៀងគរប្រជាពលរដ្ឋប្រមូលផ្ដុំបង្ក ចលាចលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម ឈានទៅធ្វើចលនាបដិវត្ដន៍ពណ៌ប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់រុញស្ថានការណ៍អោយច្របូកច្របល់។
ចុងក្រោយ លោកស្នងការ បានបន្ថែមថាកងកម្លាំងប្រដាប់អាវុធគឺជាកងកម្លាំងរបស់ជាតិ មានតួនាទីជាអ្នកការពាររៀបចំសណ្ដាប់ធ្នាប់សង្គមថែរក្សាសុខ សន្ដិភាព ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ទាំងមូលស្របតាមរដ្ឋធម្មនុញ្ញាជាច្បាប់កំពូល អនុវត្ដអោយបាននិងគោរពនីតិរដ្ឋ ៕
មតិយោបល់