ខេត្តតាកែវ ៖ លោកវរសេនីយ៍ទោ ផាន ផល អធិការនគរបាលស្រុកទ្រាំងបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ និង១០នាទី ជនសង្ស័យឈ្មោះ ឆាន សំណាង ហៅ(ក្តឹប) ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង តាកែវ មានមុខរបរសិស្ស បានលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ សាន់ ហ៊ីងភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នាមានមុខរបរកសិករ ។ ជនសង្ស័យបានធ្វើសកម្មភាពឡើងតាមដំបូលចង្ក្រានបាយ រួចចូលតាមបង្អួចយកកន្ត្រៃនៅក្នុងផ្ទះគាស់ហិប យកខ្សែក និងខ្សែដៃមាសអស់ចំនួន៤ជី និងប្រាក់ចំនួន៥០ម៉ឺនរៀល។
លោកអធិការបន្តថា ក្រោយពេលកើតហេតុ នៅវេលាម៉ោង១៩ និង៥៥នាទី ថ្ងៃ ខែ ឆ្នាំដដែល ជំនាញបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងខ្សែក និងខ្សែដៃមាស បានមកវិញ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ និង១៤នាទីដោយបានការអនុញ្ញាតិពីលោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញាស្តីទីនៃសាលាដំបូងខេត្តតាកែវ ជំនាញបានប្រគល់វត្ថុតាងខាងលើឲ្យទៅជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលនគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕ ដោយអនុសេនីយ៍ទោ កុយ សាគឿន
មតិយោបល់