សៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការឆ្មក់ចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់លួចលាក់នៅកណ្តាលក្រុងសៀមរាបនិងឈានដល់ការបង្ក្រាបកន្លែងរៀបចំតម្លើងម៉ាសុីនហ្គេម ហើយក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនថៅកែជនបរទេសនិងអ្នកពាក់ព័ន្ធប្រុសស្រីសរុបចំនួន៧នាក់។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២២និង ១៥នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ក្នុងភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនអន្តោប្រវេសន៍បានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នាវេលាម៉ោង២២និង១៥នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបទីតាំងបើកភ្នាល់ល្បែងសុីសងខុសច្បាប់(ហ្គែមបាញ់ត្រី)មួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប នឹងបានឃាត់ខ្លួនមនុស្សចំនួន ០៧ នាក់ស្រី ០១ នាក់ រួមនឹងវត្ថុតាងទូរបាញ់ត្រីចំនួន ០៣ទូរ។លោកវរសេនីយ៍ទោ តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថាប្រតិបត្តិការនេះសមត្ថកិច្ចឃាត់បាន ជនសង្ស័យចំនួន០៧នាក់៖ ទី១-LIM CHEE WOOI ភេទ ប្រុស កើតឆ្នាំ ១៩៦៩ ជនជាតិ ម៉ាឡេសុី កាន់លិខិតឆ្លងដែនលេខ A៤០៤៩៦១៥៧ ជាថៅកែ ទី២-NG CHUAN FU ភេទ ប្រុស កើតឆ្នាំ ១៩៨៦ ជនជាតិ ម៉ាឡេសុី កាន់លិខិតឆ្លងដែនលេខA៣៣៣៦៩៥៦៣ ជាថៅកែ ទី៣-ឈ្មោះ ចាន់ រដ្ឋ ភេទ ប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិ ខ្មែរ ជាបុគ្គលិក ទី៤-ឈ្មោះ យួន សាវុធ ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ ខ្មែរ ជាបុគ្គលិក ទី៥-ឈ្មោះ លី សៀម ភេទ ស្រី កើតឆ្នាំ ១៩៩១ ជនជាងិខ្មែរ ជាចុងភៅ ទី៦-ឈ្មោះ ហ៊ បូណា ភេទ ប្រុស កើតឆ្នាំ ១៩៧៣ ជនជាតិខ្មែរ ម្ចាស់ផ្ទះ
និងទី៧-ឈ្មោះយុន សំអុល ភេទ ប្រុស កើតឆ្នាំ ១៩៧៩ ជនជាតិខ្មែរ អ្នកជួយជួលផ្ទះឲ្យ។ក្រោយការចុះបង្រ្កាបទីតាំងខាងលើ សមត្ថកិច្ចបានបន្តចុះឆែកឆេរក្នុងទីតាំងផ្ទះមួយកន្លែងផ្សេងទៀត(ជាផ្ទះជនជាតិម៉ាឡេសុីស្នាក់នៅ)ស្ថិតនៅភូមិ វាល សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប នឹងបានរកឃើញវត្ថុតាងឧបករណ៍សម្រាប់តម្លើងទូរបាញ់ត្រីចំនួន ២១ទូរបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់