ពោធិ៍សាត់ ៖ កុមារីរងគ្រោះឈ្មោះ សៀង និត អាយុ៦ឆ្នាំ រស់នៅភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានលង់ទឹកក្បែរស្ពានមួយ ស្ថិតក្នុងភូមិឃុំរបស់ជនរងគ្រោះរស់នៅ ឧបទ្ទវហេតុនេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង០០នាទី ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ កុមាររងគ្រោះឈ្មោះ ជុំ សាវឿន ភេទស្រីបានទៅលេងទឹកជាមួយកូនអ្នកភូមិ ខណៈមុជយូរទៅៗ កុមារងគ្រោះក៏ធ្លាក់គន្លក់ជ្រៅដូចជាស្រះមួយធំនៅក្បែរស្ពាននោះ មួយរំពេចកុមាររងគ្រោះក៏លេចបាត់ ស្រាប់មានការភ្ញាក់ផ្អើលរត់ទៅប្រាប់ឳពុកកុមាររងគ្រោះឈ្មោះ ជុំ សាវឿនមានអាយុ២៨ឆ្នាំ និងបងស្រី ឆាយ ចាន់រ៉ា ត្រូវម្តាយ មករាងរកកូនរបស់ខ្លួនក្នុងទឹក ទើបប្រទះឃើញកុមាររងគ្រោះ ស្លាប់បាត់ជីវិតក្នុងទឹកក្បែរស្ពានសម្រាប់ឆ្លងទៅមកនៅរដូវភ្លៀងធ្លាក់(រដូវទឹកជំនន់)។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្តុក បានបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យសាកសពកុមាររងគ្រោះឃើញថា កុមាររងគ្រោះ សៀង និត ពិតជាបានទៅលេងទឹកក្បែរស្ពានក្នុងភូមិ ហើយធ្លាក់ចូលរណ្តៅជ្រៅក៏លង់ស្លាប់តែម្តង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីអាណាព្យាគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យកុមាររងគ្រោះស្លាប់បែបនេះ ។ សាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់