សៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ លួចលាក់នៅកណ្តាលក្រុងសៀមរាបនិងឈានដល់ការបង្ក្រាបកន្លែងរៀបចំតម្លើងម៉ាស៊ីនហ្គេម ហើយក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនថៅកែជនបរទេសនិងអ្នកពាក់ព័ន្ធប្រុសស្រីសរុបចំនួន៧នាក់។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២២និង១៥នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ក្នុងភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនអន្តោប្រវេសន៍ បានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នាវេលាម៉ោង២២និង១៥នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្ត នីតិវិធីដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សៀមរាប បានចុះបង្ក្រាបទីតាំងបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់ (ហ្គែមបាញ់ត្រី) មួយកន្លែងដែល មានទីតាំងស្ថិតនៅភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប នឹងបានឃាត់ខ្លួនមនុស្ស ចំនួន ០៧ នាក់ស្រី ០១ នាក់ រួមនឹងវត្ថុតាងទូរបាញ់ត្រីចំនួន ០៣ទូរ។
លោកវរសេនីយ៍ទោ តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការនគរបាល ខេត្តសៀមរាបបានឲ្យដឹងថាប្រតិបត្តិការនេះសមត្ថកិច្ចឃាត់បាន ជនសង្ស័យចំនួន០៧នាក់៖ទី១-LIM CHEE WOOI ភេទ ប្រុស កើតឆ្នាំ ១៩៦៩ ជនជាតិ ម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខ A៤០៤៩៦១៥៧ ជាថៅកែ ទី២-NG CHUAN FU ភេទ ប្រុស កើតឆ្នាំ ១៩៨៦ ជនជាតិ ម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខA៣៣៣៦៩៥៦៣ ជាថៅកែ ទី៣- ឈ្មោះ ចាន់ រដ្ឋ ភេទ ប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិ ខ្មែរ ជាបុគ្គលិក ទី៤- ឈ្មោះ យួន សាវុធ ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ ខ្មែរ ជាបុគ្គលិក, ទី៥- ឈ្មោះ លី សៀម ភេទ ស្រី កើតឆ្នាំ ១៩៩១ ជនជាងិខ្មែរ ជាចុងភៅ ទី៦- ឈ្មោះ ហ៊ បូណា ភេទ ប្រុស កើតឆ្នាំ ១៩៧៣ ជនជាតិខ្មែរ ម្ចាស់ផ្ទះ និងទី៧-ឈ្មោះ យុន សំអុល ភេទ ប្រុស កើតឆ្នាំ ១៩៧៩ ជនជាតិខ្មែរ អ្នកជួយជួលផ្ទះឲ្យ។ ក្រោយការចុះបង្ក្រាបទីតាំងខាងលើ សមត្ថកិច្ចបានបន្តចុះឆែកឆេរក្នុងទីតាំងផ្ទះមួយកន្លែងផ្សេងទៀត(ជាផ្ទះជនជាតិម៉ាឡេស៊ីស្នាក់នៅ)ស្ថិតនៅភូមិ វាល សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប នឹងបានរកឃើញវត្ថុតាងឧបករណ៍សម្រាប់ តម្លើងទូរបាញ់ត្រីចំនួន ២១ទូរបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំ បូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ កុសល
មតិយោបល់