កណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ធ្វើសកម្មភាពលួចទូរស័ព្ទដៃពុំបានសម្រេចត្រូវបានប្រជាប្រជាពលរដ្ឋដេញតាមចាប់រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ទៃ ជៀន ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ធួក ប៉ៃថាំង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ លឹម អៀងហេង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ ។ វត្ថុតាងដកហូតបានមានទូរស័ព្ទដៃចំនួន២គ្រឿង ។
ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនទៅសាកថ្មនៅរោងលក់បាយខាងមុខផ្ទះ ដោយឲ្យកូនប្រុសអាយុ១៣ឆ្នាំ អង្គុយមើលក្នុងរោងលក់បាយ ខណៈជនសង្ស័យឈ្មោះ ធួក ប៉ៃថាំង ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ឌុបជនសង្ស័យម្នាក់ទៀតឈ្មោះ ទៃ ជៀន ចេញពីទិសខាងត្បូងសំដៅមកផ្ទះកើតហេតុ លុះមកដល់ឈ្មោះ ទៃ ជៀន បានចុះពីលើម៉ូតូធ្វើជាដើរទៅសុំបារីជនរងគ្រោះ ឯឈ្មោះ ធួក ប៉ៃថាំង បានចូលទៅលួចទូរស័ព្ទដែលកំពុងសាកថ្ម ភ្លាមនោះកូនរបស់ជនរងគ្រោះឃើញក៏ស្រែកឆោឡោថាចោរៗក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាងបានជិះម៉ូតូដេញតាមចាប់បានជនសង្ស័យម្នាក់ឈ្មោះ ទៃ ជៀន ចំណែកឈ្មោះ ធួក ប៉ៃថាំង ជិះម៉ូតូចូលផ្ទះ យកទូរស័ព្ទទាំង២គ្រឿងដែល លួចបានទៅឲ្យម្តាយរបស់ខ្លួន ហើយជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌បានចុះអន្តរាគមន៍ នឹងចាប់យកទូរស័ព្ទពីឈ្មោះ អ៊ុន មឿន ជាម្តាយជនសង្ស័យឈ្មោះ ធួក ប៉ៃថាំង ចំនួន០២គ្រឿង ព្រមទាំងបញ្ជូនជនសង្ស័យឈ្មោះ ទៃ ជៀន មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តចាត់ការតាមនីតិវិធីច្បាប់ ៕ដោយៈគង់ សុងហៃ
មតិយោបល់