ភ្នំពេញ ៖ កិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបលទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានលើកទិសដៅថ្មីសម្រាប់ឆ្នាំ២០១៧ និងអនុម័តលើសេចក្ដីព្រាងចំនួន៨។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងនោះក៏មានការចូលរួមពី រដ្ឋមន្ដ្រីក្រសួង សមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំតាមបណ្ដាក្រសួងពាក់ព័ន្ឋបានពិភាក្សាគ្នាលើរបៀបវារៈចំនួន៨ ព្រមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត ដែលជាបញ្ហាប្រឈមក្នុងការអនុវត្តនាពេលកន្លងទៅ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា ការផ្ដល់សេវារដ្ឋបាលសារធារណៈ គឺជារឿងសំខាន់ដែលថ្នាក់ជាតិត្រូវចូលរួមអនុវត្ត។ សម្ដេចក្រឡាហោម បានលើកឡើងថា ការផ្ដល់អំណាចដល់ថ្នាក់ក្រោមជាតិ ដើម្បីបំរើសេវារដ្ឋបាលសារធារណៈដល់ប្រជាពលរដ្ឋ នៅកើតមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែសម្ដេចបានជម្រុញដល់អ្នកពាក់ព័ន្ឋទាំងអស់ត្រូវអនុវត្តឲ្យបានល្អជាងនេះបន្ថែមទៀត។
សូមបញ្ជាក់ថា របៀបវារៈដែលគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបលទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអនុម័ត រួមមាន៖ ១,ការអនុវត្តម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី១២។ ២,ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាព និងថវិការឆ្នាំ២០១៧របស់ គ.ជ.អ.ប។ ៣,ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ៤,ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ៥,ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ៦,ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ៧,ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបញ្ជីមុខងារក្នុងវិស័យអាទិភាពនានាត្រូវស្នើផ្ទេទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ និងទី៨,ពិនិត្យ និងអនុម័តលើឯកសារបំពេញបន្ថែមចំពោះកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៕
មតិយោបល់