បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗក្រោយពេលកើតហេតុ បន្ទាប់ពីបុរសរូបនេះ បានប្រើ អំពើហិង្សាទៅលើស្ត្រីដែលត្រូវជាភរិយារហូតបែកក្បាលយ៉ាងដំណំដោយសារភាពស្រវឹងជោកជាំរហូតធ្វើអោយបាត់បង់ភាពជាម្ចាស់ការ ។
ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ ចំណុចភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបង្កឡើងដោយឈ្មោះ យិម ថៃ ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវជាប្តី ទៅលើស្ត្រីជាប្រពន្ធឈ្មោះ សៀក កាន អាយុ៦០ឆ្នាំ បណ្ដាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ។
បើតាមការអះអាងពីលោក ឆាង វ៉ាន់ឆៃ អធិការនគរបាល ស្រុក គាស់ក្រឡ បានអោយដឹងថា កន្លងមកបុរសជាប្តីនេះ តែងតែ ផឹកស៊ីជាប្រចាំស្ទើរតែស្រវឹងខួបទៅហើយ ដោយនៅមុនពេល កើតហេតុក៏ជនរូបនេះស្ថិតក្នុងសភាពស្រវឹងជោកជាំទៅហើយ ដែលទំនងជាមានការឆ្គងពាក្យសម្តីបន្តិចបន្ទួចដែលធ្វើអោយបុរសរូបនេះទាញចានបាយគប់ទៅលើស្ត្រីជាភរិយាយ៉ាងពេញទំហឹង បណ្តាលអោយបែកឈាមខ្ចាយជោកប្រាណ ។
ភ្លាមៗនោះដែរសមត្ថកិច្ចបាននាំខ្លួនជនបង្កទៅកាន់អធិការដ្ឋានដើម្បីធ្វើការតាមនីតិវិធី ប៉ុន្តែមិនអាចសួរនាំអ្វីបាននោះឡើយដោយ សារតែសភាពស្រវឹងវាមានកម្រិតធ្ងន់ធ្ងរពេក។
រីឯប្រពន្ធក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីដើម្បីសង្គ្រោះផងដែរ ៕
មតិយោបល់