កណ្ដាល៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការបង្រ្កាបចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានទី១-ឈ្មោះ ច្រឹង សំណាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងទី២-ឈ្មោះ ហេង សេងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថតាងថ្នាំញៀនចំនួន១កញ្ចប់មធ្យម ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ បានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន នៅភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ច ក៏បានទៅដល់ចំណុចកើតហេតុ រួចធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ច្រឹង សំណាន និងឈ្មោះ ហេង សេងហុង បានរកឃើញថ្នាំញៀនចំនួន១កញ្ចប់មធ្យមនៅនឹងខ្លួនជនសង្ស័យឈ្មោះ ច្រឹង សំណាន ឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ច្រឹង សំណាន បានសារភាពថា ខ្លួនបានទិញថ្នាំញៀនចំនួន១កញ្ចប់បុរសម្នាក់មិនស្គាល់អត្ដសញ្ញាណនៅចំណុចភូមិកណ្តាល ឃុំក្រាំងយ៉ូវ ក្នុងតម្លៃ២០ម៉ឺនរៀល (ម្ភៃម៉ឺនរៀលគត់) ដើម្បីយកមកវេចខ្ចប់បានចំនួន៩កញ្ចប់ ហើយខ្លួនបានលក់អស់ចំនួន៨កញ្ចប់តូច និងសល់១កញ្ចប់ ដោយក្នុង១កញ្ចប់តូច តម្លៃ៣ម៉ឺនរៀល ៕
មតិយោបល់