កំពង់ស្ពឺ ៖ កាលពីព្រឹកថៃ្ងទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្ដិការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកុម្ភៈ លើកទិសដៅខែមីនា។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយរងផែន នាយ-នាយរងការិយាល័យ អធិការក្រុង-ស្រុកទាំង០៨ និងមន្ត្រីជំនាញសរុប៥៣នាក់។
បន្ទាប់ពីលោកវរសេនីយ៍ឯក ប៊ុន ចាន់ថា ស្នងការរង ទទួលសេនាធិការ អានរបៀបវារៈអង្គប្រជុំ
និងលោកវរសេនីយ៍ឯក លឹម ស៊ី នាយការិ.សរុប អានរបាយការណ៍សភាពការណ៍ប្រចាំខែកុម្ភៈ ជូនអង្គប្រជុំរួចមក លោកឧត្តមសេនីយ៍ត្រី អៀង អុល ស្នងការរងធនធានមនុស្ស បានមានយោបល់បំពេញបន្ថែមនៅចំណុចកត្ដាសាមគ្គីភាពផ្ទៃក្នុង និងការលើកកំពស់កត្ដិយសអង្គភាពបង្កើនសមត្ថភាពការងារ ដើម្បីឆ្លើយតបទៅនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យសម ស្របតាមគលការណ៍ភូមិ-ឃុំមានសុវត្ថិភាព លក្ខណៈសម្បត្តិ៩យ៉ាង។
ក្រោយការមានមតិយោបល់បំពេញបន្ថែមរបស់សមាជិកអង្គប្រជុំរួចមក លោកស្នងការខេត្តកំពង់ស្ពឺបានធ្វើការបូកសរុប និងលើកទិសដៅបន្តដល់អស់លោក ការិ-ជំនាញ លោកអធិការក្រុង-ស្រុក ត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនអ្នកវិនិយោគទុន ភ្ញៀវទេសចរ ជនបរទេស ឥស្សរជនជាន់ខ្ពស់ជាតិ ដែលអញ្ជើញឆ្លងកាត់ និងមកខេត្ដកំពង់ស្ពឺ ខិតខំប្រមែប្រមូលព័ត៌មាន វិធានការ បង្ការ បង្ក្រាបល្បែងស៊ីសង និងសកម្មភាពចោរលួច ឆក់ នៅតាមភូមិសាស្ត្រក្រុង-ស្រុក ឃុំ-សង្កាត់ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អ ពិសេសត្រូវខិតខំប្រមែប្រមូលក្តាប់សភាពការណ៍ នូវប្រភពព័ត៌មានដែលពាក់ព័ន្ធដល់វិស័យ សន្តិសុខជាតិ និងក្តាប់ព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាបណ្តាញសង្គមដែលបង្កភាពច្របូកច្របល់ ញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចរឹក និន្នាការគាំទ្របំរើឲ្យគណបក្សនយោបាយ ប្រើប្រាស់ល្បិចកលគ្រប់រូបភាពដើម្បីមានផែនការផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់៕
មតិយោបល់