ភ្នំពេញ៖ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបករណី លក់ ចែកចាយ ស្បែកជើង ក្លែងក្លាយម៉ាក SKECHERS (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) នៅផ្សារធំថ្មី និងផ្សារទួលទំពូង។
ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមានពាក្យបណ្តឹង របស់ក្រុមហ៊ុន V2V Corporation ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើស្បែកជើងម៉ាក SKECHERS ពីសហរដ្ឋអាមេរិក ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនៅនេះ។
លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចបានចុះត្រួតពិនិត្យចំនួន៣ទីតាំង គឺនៅតូបលេខ I1040 ផ្សារធំថ្មី, តូបលេខ ១៣០១ (យីហោ ព្រំ លក្ខណា) ផ្សារទួលទំពូង និងហាងយីហោ ថប ប្រេន (Top Brand Factory outlet) សំយ៉ាបខាងកើតនៃផ្សារទួលទំពូង។
ជាលទ្ធផល តូបលេខ I1040 ផ្សារធំថ្មី ដោយម្ចាស់មានការយល់ដឹង បានបញ្ឍប់ការលក់ និងចែកចាយតាំងពីប្រមាណ២ខែមុនមកហើយ ដូចនេះសមត្ថកិច្ចពុំបានរកឃើញ សម្ភារៈវត្ថុតាងណាមួយឡើយ។ ចំណែកទីតាំង២ទៀត នៅផ្សារទួលទំពូង សមត្ថកិច្ចបានរកឃើញ ស្បែកជើងក្លែងក្លាយម៉ាក SKECHERS សរុបចំនួន ៣៦៣គូរ និងបានដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន និងតម្រូវអោយម្ចាស់ទីតាំងទាំង២កន្លែង ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
តាមការអះអាងរបស់តំណាងក្រុមហ៊ុន V2V Corporation បានឱ្យដឹងថា ចំពោះស្បែកជើងម៉ាក SKECHERS នេះ គឺមានតែក្រុមហ៊ុនលោកមួយគត់ ដែលបាននាំចូលផលិតផលសុទ្ធពីសហរដ្ឋអាមេរិក និងមានដាក់លក់តែនៅសាខាក្រុមហ៊ុនប៉ុណ្ណោះ ដែលបច្ចុប្បន្នតាម២ទីតាំង គឺនៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ្យ និងក្នុងផ្សារ AEON ទី១ រាជធានីភ្នំពេញ ហើយក្នុងពេលឆាប់ៗខាងមុខ នឹងមានបើកសាខាមួយទៀតនៅក្នុងផ្សារ AEON ទី២។ ដូចនេះ បើសិនជាមានដាក់លក់នៅក្នុងទីតាំងផ្សេង ក្រៅពីទីតាំងខាងលើ ឬពុំមានការអនុញ្ញាតពីក្រុមហ៊ុនទេនោះ ពុំមែនជាផលិតផលសុទ្ធនោះទេ៕
មតិយោបល់